(ភ្នំពេញ)៖ លោកស្រីបណ្ឌិត កុយ ពិសី ប្រធានគណៈកម្មាធិការស្ត្រី និងកីឡា នៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយក្រុមកីឡាការិនីឆ្នើម និងគ្រូបង្វិកប្រមាណ៥០នាក់ ដែលក្នុងនោះមានកីឡាការិនី៣៤ រូប ដែលទទួលបានជ័យជំនះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម កាលពីពេលកន្លងទៅថ្មីៗនេះ។
ការចុះជួបចំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងដេីម្បីជាការលេីកទឹកចិត្ត ក៏ដូចជាផ្លាស់ប្តូរបានបទពិសោធ និងការស្វែងរកធាតុចូលពីចំណុចខ្លាំង និងចំណុចកង្វះខាត ការលំបាករបស់ស្ត្រី ដេីម្បីត្រៀមខ្លួន សម្រាប់កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុននេះ។
លេីកឡេីងនាឱកាសនោះ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានលេីកទឹកចិត្តដល់ក្រុមកីឡាការីនី ឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត និងស្វែងរកចំណុចខ្វះខាតរបស់ខ្លួន ដោយពង្រឹងខ្លួនឯងឱ្យបានកាន់តែរឹងមាំថែមទៀត ធ្វេីយ៉ាងណាដណ្តេីមយកមេដាយឱ្យបានកាន់តែច្រេីនថែមទៀត សម្រាប់កីឡាស៊ីហ្គេមនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីការជួបសំណេះសំណាលនេះ លោកស្រី កុយ ពិសី ក៏បានផ្តល់ជាសំពត់ដែលជាស្នាដៃតម្បាញរបស់ខ្មែរ ម្នាក់មួយសំពត់ដល់កីឡាការីនីទាំង៣៥នាក់ រួមទាំងមានការរៀបចំអាហារសាមគ្គី យ៉ាងរីករាយផងដែរ៕