(ភ្នំពេញ)៖ ការផ្សព្វផ្សាយរូបថត វីដេអូភាពយន្ត និងឯកសារផ្សព្វផ្សាយ ទាក់ទងនឹងសម្រស់ធម្មជាតិដ៏ត្រកាលនៃមាតុភូមិកម្ពុជា តាមរយៈកញ្ចក់កាមេរ៉ានៃអ្នកថតរូប និងស្នាដៃរបស់ផលិតករភាពយន្ត បានចូលរួមចំណែកសំខាន់ដល់ កម្មវិធីនយោបាយអភិវៃឌ្ឍន៍ «ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី» ជួយដល់កំណើនសដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានផ្ទាល់។ នេះជាការលើកឡើងរបស់លក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធកម្មវិធី «ជុំវិញទន្លេមេគង្គ» (Mekong Discovery Day) និងពិធីប្រគល់រង្វាន់ «Beautiful Planet» ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ដែលបានរៀបចំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ លោក ខ្វៃ អាទិត្យា បានជំរុញបន្ថែមទៀតដល់ផលិតករភាពយន្ត និងអ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បន្តបង្កើតស្នាដៃថ្មីៗ និងច្រើនថែមទៀត ជាពិសេសការចែកផ្សាយ តាមបណ្តាញសង្គមនូវរូបថត វីដេអូ ភាពយន្តខ្លី ឬភាពយន្តឯកសារ បង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសធម្មជាតិនៅតាមដងទន្លេមេគង្គ និងតំបន់ដីសើមនៅកម្ពុជា បានរួមចំណែកជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានស្គាល់ និងស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាសម្បត្តិធម្មជាតិឲ្យល្អនិងគង់វង្ស សម្រាប់ការរស់នៅដោយចីរភាពផងដែរ។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ការរកឃើញជាក់ស្តែងវត្តមានសត្វព្រៃកម្រ និងជិតផុតពូជកម្ពុជា ជាពិសេសការរកឃើញ ត្រីបបែលយក្សនៅតាមដងទន្លេមេគង្គកម្ពុជា ហើយបានបំបែកបញ្ជីឯកត្តកម្មពិភពលោកថែមទៀត នោះគឺជានិន្នាការណ៍វិជ្ជមានកើតឡើងខ្លាំងក្នុងការគ្រប់គ្រងបរិស្ថាននៅក្នុងប្រទេស ហើយក៏អាស្រ័យដោយកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ នៅទូទាំងប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និងជីវភាពប្រសើរឡើងជាលំដាប់នៃប្រជាពលរដ្ឋទូទៅ ហើយជាពសេសទៀតនោះប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ចំពោះបរិស្ថាន និងចូលរួមចំណែកក្នុងការអភិរក្សបរិស្ថានកាន់តែប្រសើរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាន និងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ។
បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃសរុប ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធ្មជាតិបាន១៨២ ទីតាំង និងមានសហគមន៍ខ្លះមានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ថែមទៀត៕