(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងពង្រឹងការងារដល់កងកម្លាំងនគរបាលនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និងលោកនាយ នាយរងប៉ុស្តិ៍ការពារព្រំដែនទាំង០៦ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។
ស្ថិតក្នុងឱកាស នៃការចុះសំណេះសំណាល និងការចុះសួរសុខទុកដល់កងកម្លាំងនគរបាលវរសេនាតូចនគរ បាលការពារព្រំដែនគោក លេខ៣០៣ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានណែនាំដល់មន្ត្រីដែលឈរជើងការពារតាមខ្សែបន្ទាត់ ព្រំដែនទាំងអស់ពង្រឹងសមត្ថភាពបន្ថែមទៀត និងខិតខំយកចិត្តទុកដាក់បង្ការទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន បន្ថែមពីលើនោះប្រើប្រាស់វិធានការល្បាតឲ្យបានតឹងរឹងបំផុត។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជា់ថា ជាមន្ត្រី និងជាកងកម្លាំងសមត្ថកិច្ចត្រូវតែ គោរពនូវវិន័យ និងសីលធម៌ឲ្យបានម៉ឺងម៉ាត់ ទន់ភ្លន់ តែមិនទន់ជ្រាយ លើការងារ បន្ថែមពីលើនោះផងដែរ ត្រូវអនុវត្តន៍នៅ វិន័យរបស់កងកម្លាំងនគរបាលឲ្យបានខ្ជាប់ខ្ជួន។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដាំដំណាំបន្លែបង្ការ និងចិញ្ជឹមសត្វមាន ជ្រូកមាន់ ទា ដើម្បីផ្គត់ផ្គង់នៅក្នុងអង្គភាពរបស់ខ្លួនឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍន៍៕