(ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក Dato' Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) និងជាប្រធានសហករណ៍អាស៊ាន (ACO) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ជំនួបនេះ ធ្វេីឡេីងដើម្បីបន្តរឹតចំណងមិត្តភាព និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារពាណិជ្ជកម្ម វិនិយោគ ទីផ្សារការងារ ពលករកម្ពុជា និងការងារសហគមន៍ឥស្លាមកម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានអំពាវនាវដល់សហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ឲ្យមកធ្វើការវិនិយោគនៅកម្ពុជា ដោយលោកបានជម្រាបពីសក្តានុពលជាច្រើនដែលកម្ពុជា មានទាំងវត្ថុធាតុដើម កម្លាំងពលកម្ម ហើយជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់បរទេសនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលទាំងនេះជាឱកាសដ៏ប្រសើរ ដើម្បីធ្វើការវិនិយោគ ហើយទទួលបានផលចំណេញច្រើន។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីសុខដុមរមនានៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
សូមជម្រាបថា ANGKASA ជាសហករណ៍ជាតិម៉ាឡេស៊ីដ៏ធំមួយ បង្កើតឡើងឆ្នាំ១៩៧១ មានដៃគូសហការណ៍ចំនួន១៣,៤២៨ និងសមាជិក ៧,០៦៦,២២២លាននាក់ នឹងដើមទុន ១៣០,៧៤០.៦៨ លានរីងហ្គិតម៉ាឡេស៊ី ដែលបានចូលរួមគ្នាមកពីគ្រប់មជ្ឈដ្ឋានការងាររកស៊ីនៅម៉ាឡេស៊ី៕