(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សប្បុរសជន ឲ្យបន្តចុះចែក និងផ្តល់ទឹកប្រើប្រាស់ ដល់ប្រជាពលរដ្ឋបន្តទៀត បើទោះប៉ន្មានថ្ងៃកន្លងមកនេះ ខេត្តមួយចំនួនមានភ្លៀងធ្លាក់យ៉ាងណាក្តី។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ទទ្ទឹមនឹងមានភ្លៀងធ្លាក់ បញ្ហាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ក៏កើតមានផងដែរ ដែលនាំឲ្យប៉ះពាល់ដល់លំនៅឋាន របស់ប្អូនប្រជាពលរដ្ឋ ដូច្នេះសម្តេចក៏ជំរុញឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋឡើងវិញ រួមទាំងសាលារៀនផងដែរ ដើម្បីសិស្សានុសិស្ស មានសាលារៀន បានចូលរៀនទាន់ពេលវេលា។
សម្តេចតេជោ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹក និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងសប្បុរសជន សូមបន្តជួយផ្តល់ និងចែកចាយទឹក ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ សូមបន្តជីក និងស្តារអណ្តូង ស្រះ ប្រឡាយ និងអាងស្តុកទឹកឲ្យបានលឿន ជាពិសេសសម្រាប់រក្សាទឹក ទុកប្រើប្រាស់ឲ្យបានខួបប្រាំង ខួបវស្សា ចៀសវាងការខ្វះខាតទឹក នៅពេលក្រោយៗទៀត។ សូមជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ និងជួសជុលសាលារៀន ដើម្បីក្មួយៗមានសាលារៀនឡើងវិញទាន់ពេលវេលា»។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជន អាជ្ញាធរ និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ រួមទាំងយុវជនដែលបានចូលរួម ក្នុងយុទ្ឋនាការចែកចាយទឹកជូន បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕