(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលខេត្តពោធិ៍សាត់ស្តីទី ដោយមានការចូលរួមពីលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងដី ស.ជ.ណ ជាក់ស្តែងដែលរ៉បទៅនឹងផ្លូវជាតិលេខ១០ និងផ្សព្វផ្សាយព័ត៌មានមួយចំនួន ជូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ដែលត្រូវដោះដូរចេញពីអនុស្ថានីយ៍អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក អេង គន្ធា បានសួរនាំ និងជម្រាបជូនពីការទទួលបានដី ដោយស្ម័គ្រចិត្តចាកចេញពីដីអនុស្ថានីយ៍ ទៅរស់នៅទីតាំងថ្មី ដោយមិនកែប្រែពីការព្រមព្រៀងកន្លងមក តាមរយៈការចាប់ឆ្នោត ដោយបញ្ជាក់ពីចំនួន និងទំហំដីច្បាស់លាស់ លើឯកសារគ្រប់គ្រួសារ។
លោកបានលើកឡើងថា ក្រុមការងារនឹងលើកសំណើបន្ទាន់មួយ ជម្រាបជូនលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ដើម្បីផ្តល់លទ្ធភាពឈូសឆាយព្រៃ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន រួមមានផ្លូវក្រាលគ្រួសក្រហម ការកំណត់ព្រំដីឡូតិ៍ និងជីកអណ្តូងទឹកស្អាតមួយចំនួន ក្នុងនោះក៏មានការរៀបចំប្រព័ន្ធអគ្គិសនីចូល ដើម្បីឱ្យប្រជាពលរដ្ឋទាំង២៧គ្រួសារ ទទួលបានសេវាសង្គមសមស្រប។
លោក ចេង ឡៃ បានបញ្ជាក់បន្ថែម អំពីទីតាំងដីដែលបានចាប់ឆ្នោតលើក្រដាស និងលើដីជាក់ស្តែង គឺត្រូវអនុវត្តតាមការព្រមព្រៀង និងចាប់ផ្តើមឈូសឆាយព្រៃ បើកតួផ្លូវនាពេលឆាប់ៗខាងមុខ។ ហើយដីរបស់បងប្អូន ប្រជាពលរដ្ឋទាំង២៧គ្រួសារ នឹងត្រូវទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ នៅពេលបន្តបន្ទាប់។ ឆ្លងកាត់ការពិនិត្យសួរនាំ ប្រជាពលរដ្ឋទាំង២៧គ្រួសារ មិនមានការប្តឹងតវាអ្វីបន្ថែមនោះទេ ពោលគឺពួកគាត់មានការសាទរ និងត្រេកអរទទួលដីនៅទីតាំងថ្មី ដើម្បីបានបង្កបង្កើនផល និងសាងសង់លំនៅដ្ឋាន ព្រោះកន្លងមក ការរងចាំនេះមានរយៈពេលយូរ ធ្វើឱ្យពួកគាត់ពុំហ៊ានអាស្រ័យផល។
សូមជម្រាបជូនថា ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនោះ ក្រុមការងារបានបង្ហោះ Drone នៅទីតាំងដី ស.ជ.ណ ទាំងមូល ដោយពិនិត្យឃើញថា មានជនខិលខូច បានចូលកាប់រានព្រៃ ចំនួន០៣ទីតាំង ក៏ប៉ុន្តែពុំបានដាំដុះ ឬសង់លំនៅដ្ឋាននោះទេ។ តែទោះជាយ៉ាងនេះក្តី សមាជិកក្រុមប្រឹក្សាឃុំអូរសោម ក៏បានបំភ្លឺពាក់ព័ន្ធនឹងការកាប់រានខាងលើនេះ គឺពិតជាមានប្រជាពលរដ្ឋមកពីចម្ងាយ បានឆ្លៀតឱកាសកាប់រានពេលយប់ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ច ចុះបង្ក្រាបបានទាន់ពេលវេលា ដោយសព្វថ្ងៃពុំមានការកាប់រានថ្មីទៀតឡើយ។
ស្របគ្នាក្នុងថ្ងៃដដែលនោះ ក្រុមការងារក៏បានប្រទះឃើញ សកម្មភាពល្មើសច្បាប់ ចាក់ដីលុបចំណីមាត់ស្ទឹងយកធ្វើជាកម្មសិទ្ធិ ព្រមទាំងបានធ្វើការដកហូតត្រាក់ទ័រមួយគ្រឿង ម៉ាកគូបូតា ៩៥៤០ ព័ណ៌ក្រហម ត្រង់ចំណុចស្ទឹងឆាយលូក ស្ថិតក្នុងភូមិកណ្តាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្នវត្ថុតាងត្រាក់ទ័រ ត្រូវបានរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម រងចាំចាត់ការតាមនីតិវិធី៕