(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានរួចប្រគល់ទៅឲ្យនគរបាលខណ្ឌសែនសុខ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ក្រោយពីពួកគេឆក់យកទូរស័ព្ទពីក្មេងប្រុស៣នាក់ បានសម្រេច បន្ទាប់មកបានព្យាយាមជិះម៉ូតូគេចខ្លួន តែក្មេងប្រុសរងគ្រោះជិះម៉ូតូដេញតាម និងស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើលដល់នគរបាលកំពុងឈរជើងតាមផ្លូវការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ១០៖២០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ កុសល ឆាយណាវីត អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះលេខ42N ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ
*ទី២៖ ឈ្មោះ សុខ លីហេង អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ អ្នកទាំង២ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ៊្សុយគីនិចពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1JA-0218។
ចំណែកក្មេងប្រុសរងគ្រោះមានគ្នា៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ថា និត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៣
*ទី២៖ ឈ្មោះ សុធា សីលា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៥
*ទី៣៖ ឈ្មោះ ឡាយ ឆាយហួរ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦ គឺជាម្ចាស់ទូរស័ព្ទម៉ាក IPhone 7plus ដែលត្រូវជនសង្ស័យឆក់យក។ បច្ចុប្បន្នអ្នកទាំងស្នាក់នៅសង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីនិចពណ៍ស ១គ្រឿង ចេញពីផ្ទះនៅសង្កាត់អូរបែកក្អម ដើម្បីរកទិញបាយហូបនៅម្ដុំភូមិប៉ប្រកខាងត្បូង។ ប៉ុន្តែពេលទៅដល់គេលក់អស់ រកទិញអត់បានក៏បាននាំគ្នាជិះម៉ូតូបកត្រឡប់ទៅផ្ទះវិញ លុះដល់ត្រង់ចំណុចកើតហេតុស្រាប់តែ ត្រូវក្រុមជនសង្ស័យជិះម៉ូតូដេញតាមឆក់យកទូរស័ព្ទដែលទុកក្នុងឃ្លុបម៉ូតូខាងមុខបានសម្រេច។
បន្ទាប់មកបានព្យាយាមជិះម៉ូតូគេចខ្លួនតែក្មេងប្រុសរងគ្រោះនាំគ្នាជិះម៉ូតូដេញតាមនិងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់នគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងឈរជើងតាមផ្លូវការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។ ពេលនោះនគរបាលក៏បានជួយធ្វើការស្ទាក់ចាប់បានភ្លាមៗ រួចបានប្រគល់ទៅឲ្យនគរបាលខណ្ឌសែនសុខ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕