(ភ្នំពេញ)៖ ក្រោមកិច្ចសហការដ៏ល្អរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ក្នុងការជំរុញការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ ទៅក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជម្រើសក្នុងសាលាចំណេះទូទៅ ដើម្បីជាការតម្រង់ទិស និងការទាក់ទាញដល់យុវជន និងសិស្សានុសិស្សឱ្យឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ ក្រសួងអប់រំ និងក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានសហការគ្នាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅទេសចរណ៍ ជាមុខវិជ្ជាមួយរៀននៅថ្នាក់ទី១១ សម្រាប់សាលាចំណេះដឹងទូទៅរបស់ក្រសួង។
ពិធីប្រកាសនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញនៃក្រសួងទាំងពីរ មន្ទីរទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា លោក លោកស្រី នាយកគ្រឹះស្ថានសិក្សាអប់រំ និងសាលាបណ្តុះបណ្តាល សាស្រ្តាចារ្យ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ យុវជន និងសិស្ស និស្សិត សរុប ២៥០នាក់។
ថ្លែងនាឱកាសនោះ លោក ថោង ខុន ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អ លើការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ទៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅ ដែលរួមមានទាំងការរៀបចំសៀវភៅទេសចរណ៍ថ្នាក់ទី១១ និងទី១២ ដើម្បីបញ្ចូលក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ និងការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍ សម្រាប់ដាក់ឲ្យប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស (ថ្នាក់ទី១០ ទី១១ និងទី១២) ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ទៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅនេះ គឺជាទិសដៅយុទ្ធសាស្រ្តនៃផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើកកម្ពស់ធនធានអ្នកជំនាញទេសចរណ៍ ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ ដែលវិស័យនេះត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារបរិស្ថាន ចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។
ជាមួយគ្នានោះដើម្បីចូលរួមជំរុញការប្រើប្រាស់សៀវភៅទេសចរណ៍ នៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅឱ្យកាន់តែមានប្រសិទ្ធភាព លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើ ៣ចំណុចដូចជា៖
ទី១៖ ស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តជំរុញការផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅថ្នាក់ទី១១នេះ ដល់សាលាចំណេះដឹងទូទៅ នៅក្រោមឱវាទ របស់ក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ព្រមទាំងបន្តផ្តល់ការគាំទ្រ និងសហការលើការចងក្រង និងរៀបចំសៀវភៅទេសចរណ៍ថ្នាក់ទី១២ និងការរៀបចំ កម្មវិធីសិក្សា ជំនាញទេសចរណ៍ សម្រាប់ដល់បញ្ចូលក្នុងកម្រិតសិក្សាចំណេះដឹងទូទៅផ្សេងៗទៀតផងដែរ។
ទី២៖ ស្នើសុំដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលក្រោមឱវាទក្រសួងអប់រំទាំងអស់ ជួយបន្តជំរុញបណ្តុះបណ្តាលលើជំនាញទេសចរណ៍ និងបដិសណ្ឋារ កិច្ច ឱ្យបានច្រើន ទាំងកម្រិតជំនាញ និងគ្រប់គ្រងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាពិសេសសម្រាប់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដែលមិនទាន់មានការបណ្តុះបណ្តាល ជំនាញទេសចរណ៍ សូមរៀបចំឱ្យមានថ្នាក់សិក្សាលើជំនាញទេសចរណ៍ ជាពិសេសនៅតាមគោលដៅទេសចរណ៍ដែលមិនមានសាលាបណ្តុះបណ្តាលជំនាញ ទេសចរណ៍។
ទី៣៖ ស្នើសុំដល់មន្ទីរទេសចរណ៍ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់សហការជាមួយគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលនៅក្នុងគោលដៅរាជធានី ខេត្តរបស់ខ្លួន ជំរុញរៀបចំការបណ្តុះបណ្តាលជំនាញទេសចរណ៍ឱ្យបានកាន់តែច្រើនផងដែរ។
ជាមួយគ្នានោះផងដែរលោកបណ្ឌិត អ៊ឹម កុច ក៏បានបញ្ជាក់ដែរថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សលើវិស័យទេសចរណ៍ ចំពោះសិស្សដែលបានរៀនចប់ត្រឹមថ្នាក់ទី៩ នឹងបន្តចូលរៀននៅតាមសាលាអប់រំបច្ចេកទេស រាប់ទាំងជំនាញទេសចរណ៍ រយៈពេល ៣ឆ្នាំ ក្រោយពេលប្រឡងបានជោគជ័យ និងទទួលបានសញ្ញាបត្រមួយដែលមានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុបផងដែរ ដែលបេក្ខជនអាចស្នើសុំសញ្ញាបត្រនេះ ដែលមានការបោះត្រា និងចុះហត្ថលេខាដោយ ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕