(ភ្នំពេញ)៖ ដើម្បីជំរុញការអភិវឌ្ឍដំណើរការបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងការងារថែទាំឱ្យកាន់តែជឿនលឿនថែមទៀតនោះ មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៤ ក្រោមប្រធានបទ «ការព្យាបាល និងថែទាំផ្តោតលើអ្នកជំងឺ» ដោយបានលើកឡើងនូវប្រធានបទជាច្រើន រួមជាមួយការជជែកពិភាក្សា និងការដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក។
គួរជម្រាបថា សល្យសាស្រ្ត គឺសំដៅលើផ្នែកវះកាត់ស្របតាមបច្ចេកទេសវេជ្ជសាស្ត្រ។
នាពិធីបើកទិវានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ប្រធានបទ «ការព្យាបាល និងថែទាំផ្តោតលើអ្នកជំងឺ» នៃទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៤នេះ គឺផ្តោតលើតម្រូវការរបស់អ្នកជំងឺ និងក្រុមគ្រួសារជាចម្បង ដែលគ្រូពេទ្យ និងគិលានុបដ្ឋាកថែទាំត្រូវយកចិត្តទុកដាក់ផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងធ្វើឱ្យអ្នកជំងឺមានទំនុកចិត្តខ្ពស់ ស្ម័គ្រចិត្តមកទទួលយកសេវាព្យាបាលនិងថែទាំដោយពេញចិត្ត ដែលនេះសមស្របទៅនឹងទំនោរវិស័យវេជ្ជសាស្ត្របច្ចុប្បន្នរបស់ពិភពលោក នាសម័យឧស្សាហកម្ម៤.០។
លោកអគ្គនាយកបានបន្តថា ប្រធានបទនេះដែរ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលផ្តល់នូវគុណតម្លៃដ៏ធំធេងផ្ដល់នូវបទពិសោធន៍ថ្មីៗ និងបច្ចេកទេសទំនើបជឿនលឿនសម្រាប់ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកជាមួយមន្ទីរពេទ្យ អង្គភាពសុខាភិបាលក្នុងប្រទេស។
ការបង្ហាញនូវប្រធានបទជាច្រើន ការជជែកពិភាក្សាគ្នា និងការដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងការងារថែទាំ គឺដើម្បីជំរុញឱ្យឈានទៅរកការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត, នេះបើតាមការបន្ថែមរបស់លោក ឈាង រ៉ា។
តាមរយៈប្រធានបទនេះនឹងក្លាយទៅជាចំណេះដឹងល្អថ្មីៗ និងជាទុនដ៏ប្រសើរបន្ថែមសម្រាប់សហភាតរៈរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកថែទាំទាំងអស់សិក្សាស្វែងយល់លើបច្ចេកទេសដែលជាបច្ចុប្បន្នភាព ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការទិវាវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងវិទ្យាសាស្ត្រថែទាំ ដែលតែងតែប្រារព្ធធ្វើទិវានេះឡើងជារៀងរាល់ឆ្នាំ (អស់រយៈពេល២៤ឆ្នាំ) ពុំដែលអាក់ខាន ជាពិសេសឆ្នាំនេះគណៈកម្មការបានរៀបចំប្រារព្ធបើកទិវានេះ ដោយមានការជួបជុំផ្ទាល់ឡើងវិញ ក្រោយមានការរៀបចំកម្មវិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រតាមប្រព័ន្ធ ZOOM អស់រយៈពេលពីរឆ្នាំ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ជាសកល៕