(ភ្នំពេញ)៖ បុរសវ័យជិត៣០ឆ្នាំម្នាក់បានបែកពពុះមាត់ប្រកាច់រហូតដល់ស្លាប់ បន្ទាប់ពីរូបគេមានអាការៈមិនស្រួលខ្លួនចេះតែឈឺខ្នងហើយមិត្តភក្ដិបាននាំទៅពិនិត្យ និងព្យាបាលនៅក្នុងឃ្លីនិកឃឹម រ៉ានីត្រូវបានគ្រូពេទ្យចាក់ថ្នាំអោយ២ម្ជុល ក៏បែកពពុះមាត់ប្រកាច់ ស្រាប់តែគ្រូពេទ្យបានអោយបញ្ជូនទៅមន្ទីរ ពេទ្យកាល់ម៉ែតអោយលឿនតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះនៅក្នុងឃ្លីនិកឃឹម រ៉ានី ដែលមានទីតាំងនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ សពជនរងគ្រោះមានឈ្មោះឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ៥២សេ ផ្លូវលេខ២០៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (ក្នុងបុរីវិមានភ្នំពេញ) មានមុខរបរជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈសាវីមិុច មានប្រពន្ធឈ្មោះ សុខ រដ្ឋមនី អាយុ២៨ឆ្នាំ ដូចគ្នា។
តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា នៅព្រឹកមុនកើតហេតុជនរងគ្រោះ និងមិត្តភក្ដិគេម្នាក់ទៀតឈ្មោះ រ៉ា បានបបួលគ្នា ទៅហូបគុយទាវនៅម្ដុំទួលគោក។ក្រោយហូបគុយទាវហើយជនរងគ្រោះបានត្អូញថាចេះតែឈឺខ្នងស្ទើទ្រាំមិនចង់បាន ហើយមិត្តភក្ដិក៏ជូនទៅពេទ្យ។ ពេលជិះឃើញឃ្លីនិកឃឹម រ៉ានី ក៏នាំជនរងគ្រោះចូលពិនិត្យ ក្រោយពេទ្យពិនិត្យ ហើយក៏យកថ្នាំចាក់អោយជនរងគ្រោះ២ម្ជុលបានតែបន្តិចស្រាប់តែឃើញ ជនរងគ្រោះប្រកាច់បែកពពុះមាត់ ពេលនោះស្រាប់តែពេទ្យអោយមិត្តភក្ដិអ្នកជូនទៅផ្ដិតមេដៃនៅលើក្រដាសរួចហើយអោយប្រញាប់ដឹកទៅមន្ទីរ
ពេទ្យកាល់ម៉ែត តែពេលទៅដល់ស្រាប់តែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ពាក់ព័ន្ធករណីនេះគេនៅមិនទាន់ដឹងថាជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែដឹងថាក្រោយគ្រូពេទ្យនៅឃ្លីនិក ឃឹម រ៉ានី ចាក់ថ្នាំហើយក៏ប្រកាច់បែកពពុះមាត់ស្លាប់តែម្ដងទៅ។
ករណីនេះ Fresh News នៅមិនទាន់អាចទាក់ទងខាងឃ្លីនិក ឃឹម រ៉ានី សាកសួរព័ត៌មានពីករណីគ្រូពេទ្យរបស់ខ្លួនចាក់ថ្នាំអោយអ្នកជំងឺ ចុងក្រោយអ្នក ជំងឺស្លាប់នៅឡើយនោះទេ៕