(កំពង់ចាម)៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅស្រុកបាធាយ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពថែមទៀត សម្រាប់ឆមាសទី២ ឆ្នាំ២០២២។
របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១៣៥ករណី និងឃាត់ខ្លួនចំនួន៥៧៩នាក់ ស្រី១៨នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២១ ថយចុះ៣៤ករណី។
ទោះជាយ៉ាងនោះក្តី អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងឆមាសទី២ ឆ្នាំ២០២២ ដូចខាងក្រោម៖
*ទី១៖ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាលត្រូវតាមដាន និងគ្រប់គ្រងឲ្យបានចាប់នូវមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែងឲ្យខាងតែបានតាមដីការបស់តុលាការ។ ត្រូវកសាងឯកសារឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា ស្នើសុំដីកាតុលាការ ដើម្បីបង្ក្រាបមុខសញ្ញាទាំងនេះឲ្យអស់ពីក្នុងមូលដ្ឋាន និងសហគមន៍។ ត្រូវប្រើប្រាស់នូវវិធានការរណ៍ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈវេទិកានានា ពិសេស វេទិកាផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថភាព។
*ទី២៖ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវចូលរួមឲ្យបានសកម្មជាមួយនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេសសូមចលនាប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពនេះឲ្យបានច្រើនកុះករ។
*ទី៣៖ សម្រាប់ប្រជាពលរដ្ឋ សូមយោគយល់ទៅដល់សមត្ថកិច្ច ក្នុងការបំពេញនិតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយចូលរួមសហការក្នុងនាមជាពលរដ្ឋល្អ។
លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នាបន្តទៀត ដើម្បីភូមិ ឃុំមានសុវត្ថិភាព គឺការរួមចំណែកអនុវត្តនូវគោលនយោបាយ ទាំង០៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ លោកអភិបាលខេត្ត បានលើកយកនូវចំណុចសំខាន់ៗ សម្រាប់ឲ្យប្រជាពលរដ្ឋចូលរួមនោះគឺ៖
*ទី១៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទឮ
*ទី២៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៣៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*ទី៤៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ៕