(ក្រចេះ)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធបតី បើកសិក្ខាសាលាស្ដ្ពីពី ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។
សិក្ខាសាលានេះមានការចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្ម ពាណិជ្ជករអាជីវករប្រមាណ១០០នាក់ ដែលអង្គសិក្ខាសាលានេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម គាំទ្រដោយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia .ធនាគារ វីង (ខេមបូឌា) ម.ក. ធនាគារ ព្រីនស៍ ម.ក,សហគ្រិនខ្មែរ.ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក.កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។
សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជំរុញការយល់ដឹងឲ្យកាន់តែទូលំទូលាយ ជូនដល់ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់ធុរកិច្ចជនដែលកំពុងប្រកបអាជីវកម្មដើម្បីស្វែងយល់អំពីច្បាប់ និងបទដ្ឋានគតិយុត្ត នៅក្នុងកម្ពុជា។
លោក គង់ គឹមនី បានបញ្ជាក់ថា វិស័យពាណិជ្ជកម្មខេត្តក្រចេះ មានក្រុមហ៊ុនពាណិជ្ជកម្ម ចំនួន១១៩ក្រុមហ៊ុន, សាខាក្រុមហ៊ុន ចំនួន៣៨សាខា, សហគ្រាសពាណិជ្ជកម្ម ចំនួន១១១សហគ្រាស និងអាជីវករលក់ដូរ ចំនួន១,៦២៣មូលដ្ឋាន ក្នុងនោះមានច្បាប់អនុញ្ញាត ៥៥៥មូលដ្ឋាន បច្ចុប្បន្នកំពុងជំរុញដល់អាជីករលក់ដូរដែលពុំទាន់មានច្បាប់អនុញ្ញាត ត្រូវមកបំពេញបែបបទដើម្បីចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសក្រុមហ៊ុន ចុះបញ្ជីម៉ាក និងសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រកបរបអាជីវកម្ម។ វិស័យឧស្សាហកម្ម និងសិប្បកម្ម ខេត្តមានរោងចក្រចំនួន១១កន្លែង សហគ្រាសផលិតទឹកសុទ្ធចំនួន៤៥កន្លែង សហគ្រាសផលិតទឹកត្រីទឹកស៉ីអ៉ីវចំនួន១កន្លែង សិប្បកម្មឡឥដ្ឋក្បឿងចំនួន២៥កន្លែង។
ជាមួយគ្នានេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះធ្វើឡើងក្នុងគោលបំណងឲ្យម្ចាស់ឧស្សាហកម្ម សិប្បកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីដ្ឋាន ពាណិជ្ជករ អាជីវករ និងសេវាករ នៅក្នុងខេត្តក្រចេះ ក៏ដូចទូទាំងប្រទេស ទទួលបានការយល់ដឹងកាន់តែច្បាស់ មានភាពងាយស្រួល និងមានទំនុកចិត្តធ្វើអាជីវកម្មរបស់ខ្លួន។
លោកថា សិក្ខាសាលានេះបានបញ្ជ្រាបការយល់ដឹងបន្ថែម អំពីខ្លឹមសារច្បាប់ ស្តីពីការវិនិយោគ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាកម្ម ដែលជាច្បាប់ដ៏មានសារៈសំខាន់បំផុត សម្រាប់អ្នកវិនិយោគគ្រប់ៗ រូបត្រូវយល់ដឹង និងអនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការគ្រប់គ្រងធុរកិច្ច ចៀសវាងការរងពិន័យ ឬទោសទណ្ឌជាដើម។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរំពឹងទុកថា ការធ្វើសិក្ខាសាលានេះ ពិតជាបានរួមចំណែក ផ្តល់នូវចំណេះដឹងបន្ថែមទៀត ព្រោះថាបច្ចុប្បន្នការធ្វើធុរកិច្ចពាណិជ្ជកម្ម មានការផ្លាស់ប្តូរ ដូចនេះទាមទារឲ្យអាជីវករ ពាណិជ្ជករមានការយល់ច្បាស់ និងអនុវត្តទៅតាមគោលការណ៍ ដែលបានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើធុរកិច្ច។
លោកក៏បានស្នើសុំឲ្យក្រុមវាគ្មិន និងសភាពាណិជ្ជកម្មទាំងអស់ ជួយសម្រួលនិងធ្វើការផ្សព្វផ្សាយច្បាប់ទាំង៤នេះ ឲ្យកាន់តែផុលផុស ដើម្បីបង្កើនប្រសិទ្ធិភាព បរិយាកាសពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ និងធ្វើឲ្យប្រទេសកាន់តែមានវឌ្ឍនភាពទៅមុខជានិច្ច៕