(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រកាសយល់ព្រមតាមសំណើរបស់ប្រជាពលរដ្ឋដែលសុំផ្លូវបេតុងចំនួន៥ខ្សែ តាមរយៈលោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់ស្វាយរលំ នាពេលកន្លងទៅថ្មីៗនេះ ពេលលោកចុះពិនិត្យមើល និងជួយខ្នះខ្នែងពលរដ្ឋក្នុងស្ថានភាពជំនន់ទឹកភ្លៀងលិចភូមិនាពេលកន្លងទៅ។
លោកអភិបាលខេត្ត បានសម្រេចយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅភូមិលេខ១ក សង្កាត់ស្វាយរលំ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
ក្នុងពិធីនេះលោកអភិបាលខេត្ត មិនត្រឹមតែប្រកាសផ្ដល់ផ្លូវនោះទេ លោកថែមទំាងផ្ដល់ជូនការដាក់ប្រព័ន្ធលូចំនួន២ខ្សែទៀតផងដែរ ដែល១ខ្សែមានប្រវែង ១,០០០ម៉ែត្រ និង១ខ្សែទៀតប្រវែង ៣០០ម៉ែត្រ ដើម្បីជួយសម្រួល ដល់ការរំដោះទឹកបញ្ជៀសពីការជន់លិចផ្លូវ ផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្វាយរលំ និងភូមិលេខ១កភ្លាម លោកបានចាត់ឱ្យលោក ណុប ដារ៉ា និងក្រុមការងារ សហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែងដល់ទីតាំង និងធ្វើរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការ រកវិធីដោះស្រាយជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។
លោកអភិបាលបន្តថា ក្រោមការសម្របសម្រួលពីក្រុមការងារ ជាវិធានការទី១ យើងបានស្តារព្រែកស្វាយរលំ ប្រវែងជាង ១,០០០ម៉ែត្រ ដើម្បីដោះជំនន់ទឹកភ្លៀងចូលទៅទន្លេបាសាក់ ហើយព្រែកនេះ តាមការគ្រោងត្រូវធ្វើទ្វារទឹក មានសន្ទះទ្វារទឹកសម្រាប់បិទបើក នៅរដូវវស្សា ករណីទឹកទន្លេឡើងខ្ពស់ជាង យើងបិទសន្ទះទ្វារទឹក ពេលទឹកទន្លេស្រុកវិញយើងនឹងបើកទ្វារទឹក ដើម្បីដោះទឹកហូរចូលទន្ល ពិសេសនៅរដូវភ្លៀងធ្លាក់ ដើម្បីដោះជំនន់ទឹកភ្លៀង កុំឱ្យជន់លិចបន្តទៀត។
ក្នុងពិធីនេះដែរ លោកក៏បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ សុខាភិបាល និងត្រូវពង្រឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះរាយការណ៍ជាបន្ទាន់អំពីករណីចោកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញាធរចុះអន្តរាគមន៍បានទាន់ពេលវេលា ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត។
សូមបញ្ជាក់ថា ផ្លូវបេតុង ចំនួន៥ខ្សែ ដែលលោកអភិបាល បានប្រកាសជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយរលំនោះគឺ ខ្សែទី១ មានទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០ម៉ែត ខ្សែទី ២ ទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រខ្សែទី៣ ទទឹង ១២ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រ ខ្សែទី៤ ទទឹង ២០ម៉ែត្រ បណ្តោយ ១០០០ម៉ែត្រ និងខ្សែទី៥ ទទឹង ៥ ម៉ែត្រ បណ្តោយ ៧០០ម៉ែត្រ ហើយផ្លូវបេតុងទាំង៥ខ្សែនេះនឹងដាក់ចូលក្នុងផែនការរបស់ខេត្ត រដ្ឋបាលខេត្តនឹងខិតខំដោះស្រាយធ្វើជូនប្រជាពលរដ្ឋជាបណ្តើៗ ឱ្យបានឆាប់បំផុត៕