(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គនិស្សិតនាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់អគារ ស្នាក់នៅចំនួនពីរខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសាលានាយទាហានសកម្ម។
នៅចំពោះមុខអង្គពិធី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់និស្សិតនាយទាហានសកម្មជំនាន់ទី២២ ដែលសម្រេចបាន បន្ទាប់ពីបញ្ចប់ការសិក្សាប្រកបដោយជោគជ័យគួរជាទីមោទនៈ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លទ្ធផលដែលសម្រេចបាននេះ ពិតជាបានឆ្លើយតបយ៉ាង ប្រចក្សបំផុតទៅ នឹងចរន្ត នៃការបង្កើនសមត្ថភាពធនធានមនុស្សក្នុងកងទ័ព តាមរយ:ការហ្វឹកហ្វឺន រួមចំណែកដល់ការកែទម្រង់កង យោធពលខេមរភូមិន្ទ និងធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិ ភាពដល់វិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស សំដៅកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនលើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន និងសមាហរណកម្មទៅនឹងការរីកចម្រើន នៃវិទ្យាសាស្រ្តបច្ចេកវិជ្ជានាសម័យទំនើប។
តាមការគូសបញ្ជាក់របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ការបណ្តុះបណ្តាល និងការអភិវឌ្ឍទៅបានក៏អាស្រ័យលើកត្តាសង្គមជាតិមានសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ពុះពារគ្រប់ឧបសគ្គដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។
«កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយមដែលមានចរិតបង្កចលាចលក្នុងសង្គម រក្សាឲ្យបានស្ថេរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់និស្សិតនាយទាហានសកម្ម ត្រូវពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ និងប្រជាជន។ ទន្ទឹមនេះត្រូវយកចំណេះដឹង ដែលបានពីការសិក្សា និងចុះដកបទ ពិសោធន៍កន្លងមកនេះ ដើម្បីប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែងក្នុងការបំពេញ ភារកិច្ចដែលអង្គភាពប្រគល់ឱ្យ។
តាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២២ ដែលបានបញ្ចប់នាពេលនេះមានចំនួន ១៩២នាក់ ដោយសិក្សារយៈពេល ៤ឆ្នាំ លើមុខវិជ្ជាមួយចំនួន រួមមាន វិទ្យាសាស្ត្រយោធា, វិទ្យាសាស្ត្រមូលដ្ឋាន និងចំណេះដឹងផ្សេងៗ៕