(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន, លោកស្រី តំណាងរាស្រ្តមណ្ឌលប៉ៃលិន រួមនិងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំជួបជុំ និងពិសារអាហារសាមគ្គីលក្ខណៈក្រុមគ្រួសារទូទាំងខេត្ត ពិសេសេ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសាខាបក្សភូមិ របស់គណបក្សប្រជាកម្ពុជា នារាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ លោក អ៉ី ឈាន ក្នុងនាមប្រធានក្រុមការងារ បានសំណេះសំណាលជាមួយអង្គពិធីទាំងមូល ដោយបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិក សមាជិកា នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់។
លោកបន្តថា យើងទាំងអស់គ្នា ជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា គឺជាក្រុមគ្រួសារតែមួយខ្មែរតែមួយ បើមិនមានគណបក្សប្រជាជនកម្ពុជា ជាស្នូលក្នុងការ រកសុខសន្តិភាព រំដោះប្រទេសជាតិ និងប្រជាជនឲ្យចាកផុតពីរបរវាលពិឃាដដ៏យង់ឃ្នង ប៉ុលពត និងនយោបាយបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះ យើងទាំងអស់គ្នាក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក៏មិនមានថ្ងៃនេះ និងប្រទេសជាតិមិនមានការអភិវឌ្ឍន៍រហូតមកដល់ថ្ងៃនេះដែរ ដូចនេះហើយយើងទាំងអស់គ្នាត្រូវរួបរួម ថែរក្សានៅសុខសន្តិភាព ស្ថេរភាពនយោបាយ និងបន្តចូលរួមធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត ប្រកបដោយចេរភាព ជានិរន្តន៍តទៅ ហើយនិងប្រឆាំងដាច់ខាតការញុះញង់ លាបពណ៌ បង្កអសន្តិសុខសង្គម ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ ពីអ្នកនយោបាយដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្សពួក ដោយមិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជន បើយើងគិតមកដល់ពេលនេះសង្កេតឃើញថា គឺមានតែសមាជិក សមាជិការរបស់ គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ បានចូលរួមជួយដល់ប្រជាពលរដ្ឋគ្រប់ការលំបាក គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង គឺថ្នាក់ដឹកនាំ រហូតដល់សមាជិក សមាជិកា បានចុះដោយផ្ទាល់ និងជួយប្រជាពលរដ្ឋភ្លាមៗ ដោយពុំឃើញមានអ្នកនយោបាយដែលតែងតែសន្យាបោកប្រាស់ មកចុះជួយដល់ប្រជាពលរដ្ឋ និងកូនចៅរបស់យើងទេ ។
ការជួបជុំ និងពិសារអាហារសាមគ្គីលក្ខណៈក្រុមគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តប៉ៃលិននេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរ និងលើកទឹកចិត្តដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ សាខាបក្សភូមិ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ចូលរួមបម្រើគ្រប់សេវាជូនប្រជាពលរដ្ឋ និងជាសេនាធិការមួយផ្នែកឲ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ នៅមូលដ្ឋាន ផងដែរ ។
ក្នុងឱកាសពិសារបាយសាមគ្គីនេះសមាជិកទាំងអស់សរុបប្រមាណជិត១,០០០នាក់ ដោយមានការចាប់ឆ្នោតយករង្វាន់អនុស្សាវរីយ៍ ព្រមទាំងមានការរាំកំសាន្តយ៉ាងសប្បាយរីករាយក្រៃលែង៕