(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ប្រកាសគាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ដោយវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនេះថាបានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព អព្យាក្រឹតភាព ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់។ នេះបើតាមសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។
សេចក្ដីថ្លែងការណ៍របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក្នុងនាមសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងធានាបាននូវសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា និងការគំរាមកំហែង។
លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបញ្ជាក់ថា កន្លងមក សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានចាត់តំណាងរបស់ខ្លួនទៅចូលរួមធ្វើជាអ្នកសង្កេតការណ៍ជាតិនៅតាមការិយាល័យរៀបចំការបោះឆ្នោត
និងឆ្លងកាត់គ្រប់ដំណាក់កាលនៃការបោះឆ្នោត ទាំងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
លោកប្រធានបានបន្តថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជាសូមសម្ដែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលគោរព និងការពាររដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្លួនអនុវត្តលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងផ្ដល់ឱកាសដល់គណបក្សនយោបាយគ្រប់និន្នាការបានចូលរួមជាក់ស្តែងរហូតដល់១៧គណបក្ស។
ជាមួយគ្នានេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដែលខិតខំរៀបចំដំណើរការបោះឆ្នោតបានរលូន មានតម្លាភាព ធានាបានអព្យាក្រឹតភាព ឥតលម្អៀង និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ដែលមានការទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋដោយគ្មានការរើសអើង។
តួលេខបានបញ្ជាក់ច្បាស់ហើយថាប្រជាពលរដ្ឋជាង៨០ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងសកម្មនូវសិទ្ធិ និងករណីកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ដោយគ្មានការបង្ខិតបង្ខំ ដើម្បីសម្តែងនូវឆន្ទៈរបស់ខ្លួន ពិសេសដោយគិតថាបោះឆ្នោតជូនគណបក្សណាដែលខ្លួនពេញចិត្ត និងជឿជាក់ថាស័ក្តិសមបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ មិនសន្យាខ្យល់ មិនភូតភរ។ ដោយសារគោលនយោបាយ អំពើល្អ និងសមិទ្ធផលនានានេះហើយ ទើបគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលគាំទ្រឈ្នះភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេស បានន័យថាប្រជាពលរដ្ឋប្រគល់យុត្តិធម៌ និងការទុកចិត្ត ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនៅថ្នាក់មូលដ្ឋានតទៅទៀត។
សមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជាប្តេជ្ញាបន្តគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ពិសេសបន្តគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះទៀត៕