(សៀមរាប)៖ ក្រសួងបរិស្ថាន បាននឹងបន្តខិតខំសហការជាមួយក្រសួង ស្ថាប័ន អង្គការដៃគូ ព្រមទាំងធនាគារអភិវឌ្ឍន៍នានា បាននឹងកំពុងអភិរក្ស ក៏ដូចជាចូលរួមអភិវឌ្ឍន៍តំបន់ប្រាសាទ តំបន់ធនធានធម្មជាតិ និងតំបន់ផ្សេងៗទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌ ក្នុងន័យលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។
ជុំវិញចំណុចនេះ បើលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថាន បានថ្លែងក្នុងពេលចុះបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ទៅកាន់ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននិងបឹងទន្លេសាបចាប់ពីថ្ងៃទី ២៨-៣០ ខែមិថុនា ឆ្នាំ ២០២២ បានឱ្យដឹងថា ឧឡានជាតិភ្នំគូលែន គឺជាគោលដៅដ៏ដំខាន់មួយនៃតំបន់ទេសចរណ៍ជាច្រើនទៀតនៅខេត្តសៀមរាប។ តំបន់មួយនេះមានទាំងសម្បត្តិវប្បធម៌ បេតិកភណ្ឌ ដែលជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
លោកបានបញ្ជាក់បន្ថែមថា «ក្រសួងបរិស្ថានមានគោលដៅសំខាន់ចូលរួមអភិរក្សធនធានធម្មជាតិ ប៉ុន្តែទន្ទឹមជាមួយគ្នាយើងក៏បានចូលរួមជួយផ្នែក ថែរក្សាការពារសម្បត្តិបេតិកភណ្ឌ ប្រាសាទ និងតំបន់ដទៃទៀត ដោយបានចូលរួមសហការជាមួយក្រសួងវប្បធម៌។ យើងបានចូលរួមជាមួយក្រសួងពាក់ព័ន្ធផ្សេងទៀតសំដៅធ្វើយ៉ាងណារៀបចំតំបន់ទេសចរណ៍ឱ្យសម្បូរបែប ពិសសភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាបតែម្តង»។
ទាក់ទិនទៅនឹងការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលជាគម្រោងជំនួយហេរញ្ញប្បទាន របស់ធនាគារពិភពលោកនេះដែរ ត្រូវបានលោក ឃិន ម៉េងឃាង បានថ្លែងថា ក្រសួងបរិស្ថាន បានធ្វើការសិក្សាស្រាវជ្រាវរួចហើយ គឺមានទីតាំងគោលដៅថ្នាក់តំបន់ចំនួន ៣កន្លែង ទី១៖ នៅឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន, ទី២៖ នៅតំបន់ភ្នំឱរ៉ាល់ និងទី៣៖ នៅតំបន់តាតៃខេត្តកោះកុង ។
ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថាន បានថ្លែងដែរថា សម្រាប់នៅឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននេះមានសហគមន៍ចំនួន ៥ដែលកំពុងទទួលផលប្រយោជន៍។ ចំពោះគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានសិក្សាទៅលើផ្លូវតភ្ជាប់ ដែលមានទាំងក្នុងសហគមន៍ និងផ្លូវដើរព្រៃ។ក្រៅពីនេះយើងនឹងសិក្សាទៅលើផ្ទាំងដែនទេសភាព ដើម្បីកំណត់ថាតំបន់ណាដែលជាកន្លែងមានសក្តានុពលសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យវិស័យឯកជនចូលមកវិនិយោគ ពិសេសគម្រោងអេកូទេសចរណ៍ខ្នាតតូច។
លោកបានគូសបញ្ជាក់ថា ក្រៅពីនេះយើងនឹងពិនិត្យមើលទៅលើទឹកស្អាត អនាម័យ។ ជាមួយគ្នាយើងនឹងគាំទ្រដល់សហគមន៍នានាដើម្បីរៀបចំអេកូទេសចរណ៍កម្រិតសហគមន៍ ដើម្បីសំដៅលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
គួរបញ្ជាក់ថា សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២២នៃការអនុវត្តគម្រោង-និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា។ ដឹកនាំដោយលោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា», តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងធនាគារពិភពលោក និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងសំខាន់ៗ ដូចជា ១៖ បង្ហាញពីវឌ្ឍនភាព និងផែនការ សកម្មភាពគម្រោង, ទី២៖ ពិនិត្យទិដ្ឋភាពជាក់ស្ដែងលើអនុសាសន៍នានាដែលជាលទ្ធផលនៃការសិក្សារៀបចំ ចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍) បង្ហាញសក្តានុពលសម្រាប់ការវិនិយោគអេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព និង៤៖ ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងបឹងទន្លេសាប៕