(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈវេទិកាពិភាក្សា ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញអំពីទិសដៅ នៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កាន់តែល្អប្រសើរឡើងបន្ថែមទៀត ព្រមទាំងវឌ្ឍន៍ភាពវិស័យសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ជិន ម៉ាលីន បានបញ្ជា់ថា កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺមានគោលដៅធ្វើយ៉ាងណា ឲ្យស្ថានភាពវិស័យយុត្តិធម៌នៅកម្ពុជា កាន់តែមានភាពប្រសើរឡើង។ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ដ្រ នៃកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ចំនួន២ រួមមាន៖ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ តុលាការ។
* កំណែទម្រង់ច្បាប់៖ មានយុទ្ធសាស្ត្រចំនួន៣គឺ៖ ការត្រួតពិនិត្យឡើងវិញនៃច្បាប់ចាស់ៗ៖ គឺជាការពិនិត្យទៅលើច្បាប់ដែលបានអនុវត្ត ថាតើច្បាប់ទាំងនោះឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋបានកម្រិតណា ឬក៏ត្រូវធ្វើវិសោធនកម្ម ដោយក្រសួងបានបង្កើតនូវគណៈកម្មការចម្រុះ ដែលកំពុងសិក្សាស្រាវជ្រាវ និងវាយតម្លៃទៅលើ ក្រមរដ្ឋប្បវេណី, ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌ នូវចំណុចមួយចំនួនដែលអនុវត្តមិនបាន ដើម្បីធ្វើការកែតម្រូវ ឲ្យឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្ន។
* ការរៀបចំបង្កើតច្បាប់ និងគោលនយោបាយថ្មី៖ ដោយពិនិត្យឃើញមានការខ្វះខាតនូវបញ្ញត្តិច្បាប់ជាច្រើន ទើបទាមទារឱ្យមានការបង្កើតច្បាប់ថ្មីជាបន្តបន្ទាប់។ ជាក់ស្ដែង បច្ចុប្បន្ននេះ ក្រសួងកំពុងខិតខំ ដើម្បីសម្រេចបាននូវច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា, ក្រឡាបញ្ជី និងកម្មសិក្សាការី។
* ការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ដោយឡែក កំណែទម្រង់ប្រព័ន្ធតុលាការ៖ ការអភិវឌ្ឍធនធានមនុស្ស មានការប្រឡងប្រជែងជ្រើសរើស និងបណ្តុះបណ្តាលសំដៅធ្វើយ៉ាងណា ទទួលបាននូវធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ។ ការពង្រឹងគុណភាពសេវាយុត្តិធម៌ សេវាដែលផ្តល់ដោយតុលាការ និងក្រៅប្រព័ន្ធតុលាការ។ ក្រសួងបានធ្វើទំនើបកម្មក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ សំដៅបង្ខិតសេវាទៅកាន់តែកៀកប្រជាពលរដ្ឋ ព្រមទាំងបានបង្កើតនូវតុលាការជំនាញតាមវិស័យ ដោយសព្វថ្ងៃនេះ មានតុលាការព្រហ្មទណ្ឌ តុលាការរដ្ឋប្បវេណី និងកំពុងរៀបចំបទដ្ឋានគតិយុត្ត ក្នុងការដាក់ឱ្យអនុវត្តនូវតុលាការការងារ និងតុលាការពាណិជ្ជកម្ម។
គុណភាព នៃការសម្រេចសេចក្តី៖ បានរៀបចំនូវគោលការណ៍ណែនាំផ្សេងៗ ការពង្រឹងសមត្ថភាព ដើម្បីឲ្យការចេញនូវសេចក្ដីសម្រេចប្រកបដោយគុណភាព និងអាចអនុវត្តបាន។
សម្រាប់វិស័យសិទ្ធិមនុស្សវិញ ត្រូវបានលោក ជិន ម៉ាលីន អះអាងថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានសិទ្ធិរបស់ខ្លួន ហើយសិទ្ធិទាំងអស់នោះ ត្រូវបានធានា និងបញ្ញត្តិដោយច្បាប់។ បច្ចុប្បន្ននេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានការវិវត្តល្អប្រសើរឡើងគួរកត់សម្គាល់ ដោយក្នុងនោះ រួមមាន៖
* សិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌
* សិទ្ធិរស់រានមានជីវិត
* សិទ្ធិទទួលបានសេវាសុខភាពសាធារណៈ
* សិទ្ធិពលរដ្ឋ និងនយោបាយជាដើម៕
សូមស្ដាប់ការលើកឡើងរបស់លោក ជិន ម៉ាលីន នៅខាងក្រោមនេះ៖