(ភ្នំពេញ)៖ លោក ឡេង តុង ទីប្រឹក្សាអមក្រសួងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានទទួលស្វាគមន៍គណ:ប្រតិភូនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Soe Yongsoo អ្នកគ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ដើម្បីចុះទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលមានរយ:ពេល៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង២.៥លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)។
នៅក្នុងកិច្ចប្រជុំភាគីទាំងពីរបានសម្តែងសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើផ្នែកសុវត្ថិភាព និងសុខភាពការងារដែលក្នុងនោះរាជរដ្ឋាភិបាលនៃសាធារណកូរ៉េ តាមរយ:ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារ និងក្រសួងការងារ និងមុខរបរ តែងតែជួយដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងរួមចំណែកដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា។ ជាការកត់សម្គាល់ លោកប្រធានគណៈប្រតូភូកូរ៉េ បានសម្តែងនូវសុឆន្ទ:ខ្ពស់ក្នុងការបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែល KOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។
ភាគីកូរ៉េបានបង្ហាញអំពីគម្រោងជំនួយអភិវឌ្ឍន៍ (ODA) របស់រដ្ឋាភិបាលកូរ៉េ និងវឌ្ឍនភាពរបស់គម្រោងដែលបាននឹងកំពុងអនុវត្តកន្លងមក តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) ដើម្បីបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងគម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា និងការពង្រឹងសមត្ថភាពដល់មន្ត្រីផ្នែកបណ្តុះបណ្តាលកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់មន្ត្រីនាយកដ្ឋានពេទ្យការងារចំនួន៦រូបទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ៕