(ព្រះសីហនុ)៖ ក្មេងទំនើង២ក្រុមប្រដាប់ដោយដំបង និងកាំបិត ប្រុងកាប់គ្នាត្រូវបានកម្លាំងនគរបាលស្រុកព្រៃនប់ ចាប់ខ្លួនមកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំ រួចហៅអាណាព្យាបាលមកធានាទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សេចក្ដីរាយការណ៍នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់ ពាក់ព័ន្ធវីដេអូឈ្លោះប្រកែកគ្នា និងប្រុងប្រើប្រាស់អំពើហិង្សា ហើយបង្ហោះនៅលើបណ្ដាញសង្គម។
ក្មេងទំនើងក្រុមទី១ មានគ្នា៣នាក់ រួមមាន៖ ឈ្មោះ បេន ខាវ អាយុ២០ឆ្នាំ រស់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ គង់ កក្កដា អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ (កាន់ដំបងទីប) និងឈ្មោះ សៀង ចាង អាយុ១៦ឆ្នាំ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែក ក្រុមទី២ មានគ្នា២នាក់ រួមមាន៖ ឈ្មោះ នួន នី អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ និងឈ្មោះ នួន គ្រឿន អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (កាន់ដំបងឈើ)។
ក្រោយពីបានធ្វើការសាកសួរក្មេងទំនើងទាំងនោះរួចហើយ កងកម្លាំងនគរបាលជំនាញ បានហៅអាណាព្យាបាល មកធ្វើកិច្ចសន្យា និងអប់រំណែនាំ និងបានឲ្យត្រលប់ទៅវិញ៕