(ភ្នំពេញ)៖ លោក ថា យ៉ាវ សមាជិកគណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅស្រុកស្ទោង ខេត្តកំពង់ធំ។
កម្មវិធីអបអរសាទរខួប៧១ឆ្នាំនេះ រៀបចំឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានសមាជិកគណបក្សប្រជាជនជាច្រើន បានចូលរួមក្នុងកម្មវិធី។
នៅក្នុងពីធីអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្ទោង ខេត្តកំពង់ធំនេះ លោក ថា យ៉ាវ បានអានសន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាទាំងស្រុងជូន ដល់បងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជា។
លោក ថា យ៉ាវ បានអានសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា ចាប់ពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមាន អត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។ គឺប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យ ដឹកនាំប្រទេសជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបានអានបន្ដទៀតថា រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បី កសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។
ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង៤រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ លោកស្រី មែន សំអន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។
សូមជម្រាបថា ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ គណបក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម។
រយៈពេលជាង៤៣ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕