(ទីក្រុងហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន០៣រូប កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ ដែលបានធ្វើឱ្យមតិសាធារណជនយល់ច្រឡំ អំពីការជំនុំជម្រះក្ដីនៅកម្ពុជា នៅពេលថ្មីៗនេះ។
តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ដូចតទៅ៖
ទី១៖ ការលើកឡើងថា សវនាការធ្វើឡើងដោយ «ហេតុផលនយោបាយ» គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិត។ មានឧទាហរណ៍យ៉ាងច្រើនបង្ហាញថា បុគ្គលដែលគាំទ្រគណបក្សកាន់អំណាច ក៏ត្រូវបានតុលាការតែមួយនេះ កាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។ ប្រការនេះបញ្ជាក់យ៉ាងច្បាស់ពីការពិតដែលថា ការចូលរួមជាមួយគណបក្សនយោបាយមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
ទី២៖ ជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មានដែលបានទទួល ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិតនោះគឺថា ការកាត់ក្ដីនៅពេលថ្មីៗនេះ មានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ឬ «ព្រឹត្តិការណ៍ ៩/១១» របស់ទណ្ឌិតសម រង្ស៉ី និងបក្ខពួក ដែលបានញុះញង់ឱ្យមានការបះបោរ និង រៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង។ សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស ដែលធាតុពិតគឺជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលត្រូវបានជួយរៀបចំតាក់តែងឡើង ដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច។
ទី៣៖ ការអត្ថាធិប្បាយរបស់អ្នកជំនាញខាងលើ ធ្វើឡើងដោយជ្រើសរើសតែមួយជ្រុង និងលម្អៀង។ អ្នករាយការណ៍ពិសេសខាងលើហាក់ភ្លេចថា អតីតសហការីរបស់ខ្លួន លោកស្រី រ៉ូណា ស្មីត បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះការប្រើភាសាបំពានយ៉ាងគឃ្លើន និងការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន តាមរយៈការបោះឆ្នោត។ បទល្មើសដូចគ្នានេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ ប្រការនេះសបញ្ជាក់ថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ។
ទី៤៖ ការលើកឡើងថា ជនជាប់ចោទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការដោយផ្ទាល់ និងពុំទទួលបានឯកសារសំណុំរឿងទាំងស្រុង គឺជាការចោទប្រកាន់ដែលគ្មានការពិត។ អ្វីដែលប្រាកដ គឺ ជនជាប់ចោទខ្លះបានគេចខ្លួន មិនចូលរួមនីតិវិធីតុលាការ។ ទោះជាយ៉ាងណា ចុងចោទមានឱកាសពេញលេញ ទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ ស្របតាម រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការថ្លែងអះអាងថា ការឃុំខ្លួនបណ្តោះអាសន្ន មានការអូសបន្លាយរយៈពេលវែង បង្ហាញឱ្យឃើញកាន់តែច្បាស់ថា អ្នកជំនាញទាំងនោះ ហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈ ចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា តែម្តង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានទទូចអ្នករាយការណ៍ពិសេសទាំងបីរូបខាងលើ ខិតខំយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋជាសមាជិកជាច្រើន ដែលបានទាមទារឱ្យអ្នករាយការណ៍ពិសេសទាំងអស់ អនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនីតិវីធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស”។ ឯករាជ្យភាពរបស់អ្នកជំនាញសិទ្ធិមនុស្ស ពុំអាចកាត់ផ្តាច់ចេញពីទំនួលខុសត្រូវបានឡើយ៕