(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានមានថ្លែងថា ជារៀងរាល់ឆ្នាំមនុស្សរាប់សែន រាប់លាននាក់ ត្រូវបានបំផ្លាញដោឧក្រិដ្ឋជនជួញដូរមនុស្ស នៅគ្រប់ទីកន្លែងក្នុងពិភពលោក។
ការថ្លែងបែបនេះអភិបាលរងខេត្ត បានធ្វើឡើង ខណៈដែលលោកស្រី តំណាងអភិបាលខេត្តស្វាយរៀងធ្វើវេទិការ ផ្សព្វផ្សាយអង្គសាសនាស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់ការជួញដូរមនុស្ស និងការកេងប្រវញ្ញ័លើគ្រប់រូបភាព» នាព្រឹកថ្ងៃទី២៩ខែ មិថុនា ឆ្នាំ២០២២។
នៅក្នុងវេទិការនេះក៏មាននិមន្តចូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឈរាជ នៃព្រះរាជាណាចក្រកម្ពុជា គ្រូគង្វាល ថ្នាក់ដឹកនាំនៃគ្រឹស្តសាសនា សាសនាមហាយាន ឥស្លាមសាសនា និងបាហៃសាសនា និងលោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកស្រីប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធនៃក្រុមការងារទាំង៦ និងលោក លោកស្រីតំណាងអង្គការដៃគូរ ជាច្រើនអង្គនាក់ផងដែរ។
លោកស្រីបានបន្តថា វេទិការនេះជាការបង្ហាញឲ្យឃើញពីការរួបរួមគ្នា ក្នុងការកសាងសេចក្ដីសុខរមនា រវាងសាសនា និង សាសនា ហើយក៏ដើម្បីបង្ហាញឲ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ថ្នាក់ដឹកនាំសាសនា ទាំងឡាយក្នុងការផ្សព្វផ្សាយអប់រំ និងផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ អំពីសីលធម៌ក្នុង ការរស់នៅជៀសវាងការរំលោភបំពាន ការកេងប្រវ័ញ្ចលើមនុស្សគ្រប់រូប ព្រមទាំងចូលរួម ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកស្រីថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែង អស់ ពីកម្លាំងកាយចិត្ត ធ្វើការអប់រំផ្សព្វផ្សាយ ដល់សិស្សនិស្សិត និងប្រជាពលរដ្ឋ ឲ្យបានយល់ដឹង អំពីកលល្បិចជនល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ ក្នុងការធ្វើទេសន្តរប្រវេសន៍ដោយ ប្រថុយប្រថាន ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងពាក់ព័ន្ធ រួម ជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការជម្រុញការផ្សព្វផ្សាយ ឲ្យបានដល់គ្រប់ស្រទាប់នៃយុវជន សិស្សនិស្សិត ប្រជាពលរដ្ឋនៅជនបទ និងតាមតំបន់ដែលមានសេវាកំសាន្ត ឲ្យបានយល់ដឹងជ្រួតជ្រាប អំពីគ្រប់ ល្បិចកល របស់ជនខិលខូច ដែលឆ្លៀតឱកាស ប្រើគ្រប់មធ្យោបាយ ដើម្បីអូសទាញប្រជា ពលរដ្ឋ ឲ្យធ្លាក់ចូលក្នុងអន្ទាក់គ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។
ទន្ទឹមនឹងនេះយើងទាំងអស់គ្នា បានដឹងច្បាស់ហើយថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្ម ឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស គ្រប់វ័យ-ភេទ ក្នុងសង្គម គ្រោះថ្នាក់ ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោម អ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែល ស្វែងរកការងារនិងប្រាក់ចំណូល ដែលនៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ។
ជនល្មើស បានរកគ្រប់ល្បិចកលដ៏ស្មោកគ្រោក ពង្រាយ បណ្តាញធ្វើសកម្មភាពកេងប្រវ័ញ្ចជនរងគ្រោះនៅគ្រប់តំណាក់កាល ទាំងដោយផ្ទាល់ និង ប្រយោលតាមរយៈបណ្តាញទំនាក់ទំនងអនឡាញ (Online) ឬតាមបច្ចេកវិទ្យាទំនើប ដែលប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កុមារ និងមនុស្សពេញវ័យនិយមប្រើប្រាស់ គឺទូរស័ព្ទ ដៃ និងប្រព័ន្ធអ៊ិនធ័រណេត៕