(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមចុច Like ទំព័រ Facebook ក្រសួងសាធារណការ និងដឹកជញ្ជូន (https://www.facebook.com/mpwt.gov.kh) ដើម្បីទទួលបានដំណឹងពីខាងក្រសួង ក៏ដូចជាផ្តល់មតិយោបល់ ចូលរួមចំណែកធ្វើកំណែទម្រង់លើវិស័យដឹកជញ្ជូន និងសាធារណការឲ្យកាន់តែមានប្រសិទ្ធភាព និង ល្អប្រសើរ។
គ្រាដែលបណ្តាញទំនាក់ទំនងសង្គម Facebook កំពុងក្លាយជាភ្នែកច្រមុះ ដ៏សំខាន់របស់ប្រជាពលរដ្ឋ និងថ្នាក់ ដឹកនាំប្រទេសជាតិ ក្នុងការតាមដានព័ត៌មាន ដំណឹង និង ចែករំលែកបញ្ហាកំពុងប្រឈម ក៏ដូចទុក្ខកង្វល់ កំពុងជួបប្រទះនោះ គ្រប់ក្រសួង ស្ថាប័ន រួមទាំងប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ផងដែរ បានបង្កើតបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីធ្វើការប្រាស្រ័យទាក់ទង និងស្តាប់នូវទុក្ខកង្វល់របស់ ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចាប់តាំងនៅពីក្រសួងពាណិជ្ជកម្ម រហូតមកដល់គ្រងតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើប្រព័ន្ធ Facebook នេះ។
កាលពីនៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានព្យាយាមទាក់ទាញអ្នកលេងបណ្តាញសង្គម Facebook ឲ្យចូលទៅចុច Like ទំព័រ Facebook របស់ក្រសួងបានរហូតដល់ទៅ ៦០ម៉ឺន Like ហើយបានផ្តល់ព័ត៌មានពាក់ព័ន្ធវិស័យពាណិជ្ជកម្មប្រកបដោយភាពរស់រវើក។ មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅតែបន្តទម្រង់ការងារប្រកបដោយភាពស្វាហាប់ និងផ្សារភ្ជាប់ជាមួយបណ្តាញទំនាក់ទំនងសង្គមនេះដដែល។
ក្រោយពីចូលគ្រងតំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ កាលពីដើមខែមេសា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល បានព្យាយាមបង្ហាញសកម្មភាព និងផ្សព្វផ្សាយទំព័រ Facebook របស់ក្រសួងខ្លាំងណាស់ផងដែរ។ រយៈពេលត្រឹមជាង ១ខែប៉ុណ្ណោះ លោក ស៊ុន ចាន់ថុល បានរុញច្រាន់ទំព័រ Facebook របស់ក្រសួង ដែលមាន អ្នកចុច Like ត្រឹមជាង ៨ពាន់នោះ កើនឡើងរហូតដល់ ១០ម៉ឺន Like គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ។
ក្នុងសារថ្លែងអំណរគុណអ្នកចុច Like ទំព័រ Facebook របស់ក្រសួងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ លោក ស៊ុន ចាន់ថុល បានហៅការចុច Like រហូតដល់ ១០ម៉ឺននាក់នេះ គឺជាការគាំទ្រដ៏លើសលប់ពីអ្នកលេងបណ្តាញសង្គម Facebook ដល់រូបលោក និងមន្រ្តីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់។
លោកទេសរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយជាអនេក ដែលប្រិយមិត្តបានគាំទ្ររូបខ្ញុំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់ជាន់ថ្នាក់ ក្នុងកិច្ចខិតខំប្រែង ធ្វើកំណែទម្រង់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឲ្យមានភាពកាន់តែប្រសើរឡើង។ សមិទ្ធិផល នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធ្វើឲ្យកម្ពុជាមានសមត្ថភាពប្រកួតប្រជែង ពង្រីកការធ្វើពាណិជ្ជកម្ម ទាក់ទាញការវិនិយោគបន្ថែមពីបរទេស ព្រមទាំងបង្កើត ការងារជូនប្រជាជនកម្ពុជាទៀតផង»។
លោកបានបន្ថែមថា «ការទទួលបាន LIKE គាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ប្រមាណជាង ១០ម៉ឺននាក់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពី ការដើរតួនាទីយ៉ាងសំខាន់ក្នុងកំណែទម្រង់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ របស់មន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់ជាន់ថ្នាក់»។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការគាំទ្រ និងការផ្តល់មតិយោបល់របស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ ហើយមានតែការចូលរួម ទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចធ្វើឲ្យមានការផ្លាស់ប្តូរ ប្រកបដោយភាពវិជ្ជមានមួយបាន។
លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ «ការគាំទ្រ និងមតិយោបល់ របស់ប្រិយមិត្ត គឺជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងដំណោះស្រាយ នៃការធ្វើកំណែទម្រង់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជំរុញលើកទឹកចិត្តឲ្យប្រិយមិត្ត បន្តចែករំលែកការយល់ដឹង និងផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ ដោយ “ផ្ញើសារហ្វេសប៊ុក (សម្ងាត់)" ឬសរសេរមតិយោបល់ជាសាធារណៈ នៅលើប្រធានបទចុះផ្សាយ របស់យើងខ្ញុំ។ ការចូលរួមទាំងនេះ នឹងអាចអនុញ្ញាតឲ្យយើងខ្ញុំ យកទៅពិចារណា ពិភាក្សា រកដំណោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាដឹកជញ្ជូននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព»។ «សូមប្រិយមិត្ត លើកទឹកចិត្តឲ្យ មិត្តភ័ក្តរបស់ប្រិយមិត្ត ចូលរួមចំណែកពិភាក្សា ស្វែងរកដំណោះស្រាយជាមួយយើងខ្ញុំ ក្នុងបុព្វហេតុដើម្បីប្រទេសជាតិយើង និងសូមអញ្ជើញពួកគាត់ ឲ្យចុច “LIKE” គាំទ្រទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន»។
លោក ស៊ុន ចាន់ថុល ក៏បានប្តេជ្ញាផងដែរថា ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ លោកកំពុងខិតខំប្រឹងប្រែង បំពេញការងារ ដែលជាគំនិតផ្តួចផ្តើម ធ្វើកំណែទម្រង់ ដើម្បីសម្រេចបានតាមគោលដៅ នៃផែនការរយៈពេល «១០០ថ្ងៃ»។ លោកបានបន្ថែមថា ខែកក្កដា ជាពេលវេលាកំណត់បញ្ចប់ នៃផែនការ «១០០ថ្ងៃ» លោក នឹងរាយការណ៍ជូន ប្រិយមិត្ត និងប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបអំពីសកម្មភាពការងារកំពុងបន្ត និងសមិទ្ធិផលសម្រេចបាន៕