(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានថ្លែងថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិសម្រេចស្នាដៃសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យ ពូជសាសន៍ធ្វើឲ្យប្រជាជនរស់ឡើងវិញ រហូតបានទទួលសន្តិភាពពេញលេញ។
លោកប្រធានបានថ្លែងយ៉ាងដូច្នេះនៅក្នុង មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សបជាជនកម្ពុជា (២៨ មិថុនា ១៩៥១–២៨ មិថុនា ២០២២) នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។ ពិធីនេះក៍មានវត្តមានរបស់លោកគង់ សោភ័ណ្ឌ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលផងដែរ។
ស្ថិតក្នុងឱកាសនេះលោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ភ្លូកទឹកភ្លូកដី នាពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ។
លោកបណ្ឌិតបន្តថា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ក្នុងការដឹកនាំកន្លងមក ដោយទូទាំងខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រចំនួន ៤៨១.៧៤៤សំឡេង ទទួលបាន៧២៧អាសនៈ ដែលធ្វើអោយគណបក្សប្រជាជនកម្ពុជា ទទួលបានមុខតំណែងជាមេឃុំ/ចៅសង្កាត់ ១២៧ លើ១២៧ទូទាំងខេត្តកណ្ដាល។
លោកបណ្ឌិត បានលើកឡើងថា រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្តីក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានស្នើដល់មេឃុំ/ចៅសង្កាត់ទាំងអស់ ដែលទើបទទួលបានតំណែង ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ដោយចុះដល់ខ្នងផ្ទះ ដើម្បីដឹងច្បាស់ពីបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់នៅក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីធ្វើការដោះស្រាយជូនពរ ក្នុងករណីដោះស្រាយមិនបាន ត្រូវរាយការណ៍ជូនថ្នាក់លើផងដែរ។ ទន្ទឹមនឹងនោះត្រូវផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព អោយសាក់សមជាមន្ត្រីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕