Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញបានគ្រប់ៗគ្នា

29-06-2022 14:50

(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រះសង្ឃ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ប្រគល់ផ្ទះ និងបង្គន់អនាម័យជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួនបីគ្រួសារ គឺលោកស្រី ខន រ៉ៃ លោក ហ៊ី វណ្ណា លោក ឆោម វណ្ណា ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានលើកឡើងថា «សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាសុខទុក្ខរបស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់»។ លោកបានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំស្រុកស្ទោង លោកមិនចង់ ឃើញការលំបាកទុកឲ្យប្រជាពលរដ្ឋណាម្នាក់ គ្រួសារណាមួយរស់នៅក្នុងស្ថានភាពលំបាកវេទនា ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងមូលដ្ឋានឡើយ។

ជាមួយនេះលោក សាយ គឹមឡម បានជំរុញដល់អាជ្ញាធរភូមិឃុំក្នុងស្រុកស្ទោងត្រូវ បង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រួសារទីទ័លក្រ ស្ត្រីមេម៉ាយ និងចាស់ជរា ដែលទាមទានូវការយកចិត្តទុកដាក់ខ្ពស់បំផុត។

លើសពីនេះ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន, លោក សាយ គឹមឡម ក៏បានអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ ទៅចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា និងតាមការណាត់របស់គ្រូពេទ្យពីព្រោះ ស្ថានភាពកូវិដ-១៩ នៅក្នុងប្រទេសយើងហាក់កំពុងកក្រើកសារជាថ្មីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

គួបញ្ជាក់ថា ផ្ទះ២ខ្នងខាងលើមានទំហំ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើពីស័ង្កសី ហើយបង្គន់អនាម័យមាន៣ខ្នង មានទំហំ២ម៉ែត្រ×២ម៉ែត្រធ្វើអំពីឥដ្ឋ និងមានអំណោយបន្ថែមទៀត គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ៕