(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ ដែលបានជាមន្ទីរពេទ្យព្យាបាលមនុស្សធម៌ព្យាបាលមិនគិតកម្រៃនោះ នៅពេលនេះបានសម្រេចអនុវត្ត «ភាគទានអ្នកជំងឺ» ចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២តទៅ ក្នុងបំណងរក្សានិរន្តរភាពដំណើរការរបស់មន្ទីរពេទ្យ ដែលត្រូវចំណាយកាន់តែច្រើនឡើង។
មន្ទីរពេទ្យកុមារអង្គរ បានផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដល់កុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ អស់រយៈពេលជាង ២០ឆ្នាំកន្លងមកហើយ។ មន្ទីរពេទ្យ ក៏មានផ្តល់សេវាសុខភាពជាច្រើនដែលរួមបញ្ចូលទាំងសេវាពិនិត្យពិគ្រោះជំងឺទូទៅ និងការពិនិត្យព្យាបាលដោយឯកទេស ដូចជាជំងឺមហារីក ជំងឺទារកទើបកើត និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារអង្គរ ក៏មានកម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់អ្នកជំនាញផ្នែកសុខាភិបាល និងកម្មវិធីអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ផងដែរ។
ការចំណាយរបស់មន្ទីរពេទ្យមានទំហំកាន់តែធំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈប្រភពថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យបានជួបបញ្ហា ជាពិសេសក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ ប្រកាសចាប់ផ្តើមអនុវត្តការបង់ «ភាគទានអ្នកជំងឺ» លើថ្លៃសេវាសុខភាពនៅក្នុងមន្ទីរពេទ្យ ចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។ ការអនុវត្តការបង់ «ភាគទានអ្នកជំងឺ» នេះ ដើម្បីធានានូវនិរន្តរភាពបេសកកម្មនៃការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពរបស់អ្នកជំងឺ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរពេទ្យបានបញ្ជាក់ថា សម្រាប់អ្នកមានលទ្ធភាពក្នុងការបង់ភាគទាន មន្ទីរពេទ្យតម្រូវឱ្យមានការបង់ភាគទានសម្រាប់សេវាពិគ្រោះជំងឺក្រៅ និងអ្នកជំងឺសម្រាកពេទ្យ។ សម្រាប់សេវាពិគ្រោះជំងឺក្រៅថ្លៃភាគទាន គឺមានចំនួន ពីរម៉ឺនរៀល ឬ ៥ដុល្លារ ក្នុងការមកពិនិត្យម្តង និងសេវាសម្រាកពេទ្យភាគទាន ក៏មានចំនួន ពីរម៉ឺនរៀល ឬ ៥ដុល្លារក្នុងមួយយប់។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានគូសបញ្ជាក់ថា «ការបង់ភាគទាននេះ នឹងមិនធ្វើឱ្យមានការកែប្រែលើសេវាសុខភាពដែលអ្នកជំងឺទទួលឡើយ»។
លោកប្រធានមន្ទីរពេទ្យ បានបញ្ជាក់ទៀតថា «មន្ទីរពេទ្យនឹងនៅតែបន្ដផ្ដល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណាដដែល តាមរយៈការថែទាំប្រកបដោយការយកចិត្តទុកដាក់ដូចគ្នាចំពោះកុមារទាំងអស់ ដែលត្រូវការសេវាពីមន្ទីរពេទ្យយើង ដោយមិនគិតពីស្ថានភាពជីវភាពគ្រួសារឡើយ»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមន្ទីរពេទ្យកុមារអង្គរពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស។ ខណៈដែលជំនួយក្រៅប្រទេសមានការធ្លាក់ចុះ បុគ្គលិកនៅក្នុងប្រទេសបានចាប់ផ្តើមស្វែងរកជំនួយសប្បុរសធម៌បន្ថែមនៅក្នុងប្រទេស ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែមានឧបសគ្គមួយចំនួនក្នុងការស្វែងរកជំនួយសរុប ដើម្បីដំណើរការមន្ទីរពេទ្យពីមួយឆ្នាំទៅមួយឆ្នាំ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានលើកឡើងថា ភាគទានអ្នកជំងឺ គឺជាវិធីសាស្ត្រមួយក្នុងការលើកទឹកចិត្តឱ្យប្រជាជនខ្មែរគ្រប់រូបចេះជួយគ្នាទៅវិញទៅមក ដោយអ្នកដែលមានលទ្ធភាពជួយដល់អ្នកដែលមិនមានលទ្ធភាព។ តាមរយៈការរួមគ្នានេះ អាចជួយឱ្យមន្ទីរពេទ្យកុមារអង្គរបន្តបើកទ្វារព្យាបាលអ្នកជំងឺក្នុងរយៈពេលយូរអង្វែង និងបន្តជួយសង្គ្រោះ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពសម្រាប់កុមារកម្ពុជា។
មន្ទីរពេទ្យកុមារអង្គរនៅតែបន្តពិនិត្យថែទាំអ្នកជំងឺដោយឥតគិតថ្លៃ ចំពោះអ្នកជំងឺដែលមានប័ណ្ណក្រីក្រ ឬ ប័ណ្ណមូលនិធិសមធម៌សុខភាព និងអ្នកជំងឺដែលមានការបញ្ជាក់ពីភាពក្រីក្រ ដោយក្រុមបុគ្គលិកសង្គមកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ។ ទោះបីជាអ្នកជំងឺដែលមានលទ្ធភាព ឬមិនមានលទ្ធភាពបង់ភាគទាន ក៏មន្ទីរពេទ្យកុមារអង្គរនៅតែបន្តធ្វើការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដូចៗគ្នា។
មន្ទីរពេទ្យកុមារអង្គរនៅតែត្រូវការការបរិច្ចាគ គាំទ្រពីសប្បុរសជន ដើម្បីបន្ធូរបន្ថយការចំណាយទាំងស្រុងនៃថ្លៃសេវាពិនិត្យថែទាំសុខភាព ដោយចំណាយមួយភាគធំ គឺជាការចូលរួមចំនែកពីសប្បុរសជននានាតាមរយៈការបរិច្ចាគដដែល។
«យើងសង្ឃឹមជឿជាក់ថាអាណាព្យាបាលអ្នកជំងឺទាំងអស់ ដែលមានលទ្ធភាពបង់ភាគទាន នឹងចូលរួមចំណែកជាមួយពួកយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍបន្តទៀតនូវសេវាថែទាំសុខភាពប្រកបដោយឯកទេស គុណភាពខ្ពស់ និងក្តីមេត្តាករុណា ដល់កុមារកម្ពុជាគ្រប់រូប»។ នេះជាការបញ្ជាក់របស់លោក ឈឹម សូវង្ស អនុប្រធានការិយាល័យ ហិរញ្ញវត្ថុនៃមន្ទីរពេទ្យកុមារអង្គរមានប្រសាសន៍ចែករំលែក៕