(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ។

កិច្ចប្រជុំប្រចាំឆមាសនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ផងដែរ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងភារកិច្ចជាក់ស្ដែងចំពោះ មុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់។

លោកបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទបាន បន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ និងបន្តកិច្ចសហប្រតិបត្តិការល្អ ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី។ កងយោធពលខេមរភូមិន្ទ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ គណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនាមប្រធានអាស៊ានប្តូរវេន និងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជូនប្រជាពលរដ្ឋក្នុងការទៅធ្វើបុណ្យទាន ការលេងល្បែងប្រពៃណីផ្សេងៗ និងការធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព និងសេចក្ដីសប្បាយរីករាយ ពិសេសការចូលរួមការពារសន្តិសុខជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិវាយតម្លៃថា មានលក្ខណៈប្រជាធិបតេយ្យ តម្លាភាព ស្ងប់ស្ងាត់ សន្តិភាព និងអហិង្សា។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្ថែមថា កងយោធពលខេមរភូមិន្ទ បានសហការជាមួយបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាគោរព និងអនុវត្ត បទបញ្ជាបង្ក្រាបសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសកម្មភាពគេចពន្ធទទួលបាននូវលទ្ធផលល្អ។ កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត នយោបាយ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ។ កងយោធពលខេមរភូមិន្ទ បានបន្តចូលរួមយ៉ាងសកម្មក្នុងការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ តាមយុទ្ធសាស្រ្ត-ផ្ការីក ស្រោចទៅដល់ប្រជាពលរដ្ឋ បានដំណើរការទទួលបានលទ្ធផលល្អ និងទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាល។

ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ លោកអះអាងថា កងយោធពលខេមរភូមិន្ទបាន បន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗ ដែលមានការទទួលស្គាល់ពី មន្ត្រី UN នានា នៅក្នុងតំបន់បេសកកម្ម។ បើផ្អែកតាមការវាយតម្លៃរបស់ អង្គការសហប្រជាជាតិនាចុងឆ្នាំ២០២១ កម្ពុជាទទួលបានលំដាប់លេខ ២៨/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ឯការចូលរួមរបស់នារីទទួលបានលំដាប់លេខ១៣/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ចំណែកនៅក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ ឯការចូលរួមរបស់នារីបន្តទទួលបានលំដាប់លេខ២។ ទន្ទឹមនេះប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ប្តេជ្ញាបន្តបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ និងជំរុញយោធិននារីចូលរួមឲ្យបានពី ១៥% ទៅ ២០%៕