(កំពង់ស្ពឺ)៖ កងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មួយក្រុមត្រូវបានក្រុមប្រមាញ់សត្វព្រៃពេលរាត្រី ប្រដាប់ដោយកាំបិត និងពូថៅ នាំគ្នាដេញកាប់ប្រហារ ខណ:ដែលកម្លាំងសមត្ថកិច្ចទាំងនោះ បាន និងកំពុងចុះទៅទប់ស្កាត់សកម្មភាពរបស់ពួកគេ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំនុចខាងជើងអូរចាបី ចំងាយប្រហែល៥០០ម៉ែត្រក្នុងក្រុមហ៊ុន យេឡូហ្វែល ភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោក វរសេនីយ៌ត្រី សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺថា កំលាំងអាវុធហត្ថស្រុកម្នាក់ នគរបាលស្រុកម្នាក់ នគរបាលប៉ុស្តិ៍តាសាលម្នាក់ បានសហការគ្នាចុះ ប្រតិបត្តិការទប់ស្កាត់សកម្មភាពដើរប្រមាញ់សត្វព្រៃពេលរាត្រី ស្រាប់តែជួបគេ រហូតដេញកាប់ប្រហារមកលើកងកម្លាំងទៀតផង។
លោកបានបន្តទៀតថា ដោយប្រើសិទ្ធិការពារខ្លួន ទើបក្រុមសមត្ថកិច្ចអាចទប់ទល់ជាមួយក្រុមព្រានព្រៃទាំងនោះបាន ហើយអាចដកហូតឧបករណ៍សំរាប់ឆក់មួយចំនួនផងដែរ។
មេបញ្ជាការបានបន្តថា តែទោះជាយ៉ាងណាកំលាំងបានការពារសម្ភារៈមិនឲ្យពួកគេបណ្តោះបានឡើយ ហើយកំលាំងការពារខ្លួនមិនឲ្យពួកគេចូលមកជិតបានទេ ទើបពួកគេបង្ខំរត់គេចចោលសម្ភារៈនៅក្នុងព្រៃ ។
មេបញ្ជាការបញ្ជាក់ថា សម្ភារៈទាក់សត្វព្រៃដែលដកហូតបាន រួមមាន គោយន្ដ ០១គ្រឿង អាគុយ ០២គ្រឿង អាំងវិុចទ័រ ០១គ្រឿង ខ្សែលួសប្រវែង៨០០ ម៉ែត្រ និងសំភារៈមួយចំនួនទៀត រីឯជនសង្ស័យបានរត់ចូលព្រៃបាត់អស់។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវវែកមុខរកអ្នកប្រព្រឹត្តយកមកកាត់ទោសតាមច្បាប់ ៕