(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក បរិញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត, លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស ក្រសួងសុខាភិបាល, លោក នេត្រ សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និងខាងថៃ លោកស្រី អ៊ុករីរ៉ាក់ ចំរើនតូ អគ្គនាយកអង្គការ TICA ព្រមទាំងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែត។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ពិធីបញ្ចុះបឋមសីលាជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតនេះ ជាផ្នែកមួយថ្មីបន្ថែមទៀត ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងវិស័យសុខាភិបាលកម្ពុជា-ថៃ ក្រោមគម្រោងគាំទ្រថវិការអង្គការ TICA។ ទាំងនេះបានបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការដ៏ល្អជាបងប្អូនភូមិផងរបងរវាងប្រទេសទាំងពីរ។

លោក អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ ដែលបានអនុវត្តកន្លងមក រួមមាន៖

*ការងារទប់ស្កាត់និងប្រយុទ្ធជម្ងឺឆ្លង
*ការជួយអភិវឌ្ឍវិស័យសុខាភិបាល
*ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ក្នុងការអនុវត្តការងារបច្ចេកទេសរវាងថ្នាក់ដឹកនាំមន្ទីសុខាភិបាល និងមន្ទីពេទ្យ ដែលសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នានៃប្រទេសទាំងពីរ៕