(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ឱ្យបន្តខិតខំបំពេញភារកិច្ច និងអនុវត្តន៍នូវគោលការណ៍ និងអភិក្រមកំណែទម្រង់ទាំងឡាយរបស់បក្ស ដើម្បីធ្វើឱ្យបក្សនៅតែរឹងមាំ និងទទួលបានការស្រឡាញ់គាំទ្រពីប្រជាពលរដ្ឋជានិច្ច។
ការថ្លែងក្រើនរំលឹករបស់ប្រមុខគណបក្សដឹកនាំ និងគ្រប់គ្រងប្រទេស បានធ្វើឡើងក្នុងសុន្ទរកថាអបអរសាទរខួប៧១ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធយ៉ាងមហោឡារឹកនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្នាក់ការដ៏ស្កឹមស្កៃកណ្តាលរាជធានីភ្នំពេញ។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ និងចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលបានធ្វើសកម្មភាពជាច្រើនសម្រាប់បុព្វហេតុជាតិ និងប្រជាជន។ មរតកដ៏មហាសាលរបស់គណបក្សប្រជាជនកម្ពុជា គឺការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានកសាងប្រទេសចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ការអភិវឌ្ឍដ៏រុងរឿងនាពេលបច្ចុប្បន្ន។ គណបក្សនយោបាយមួយនេះ បាននិងកំពុងក្លាយជាបង្អែកដ៏រឹងមាំក្នុងការការពាររាជបល្ល័ង្ក សុខសន្តិភាព និងភាពសុខដុមរបស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងពិធីអបអរសាទរថ្ងៃកំណើតបក្ស ដែលធ្វើឡើងនៅចំពោះមុខថ្នាក់ដឹកនាំ និងសមាជិក សមាជិកា រហូតដល់ទៅជាង ៥ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេល ៤៣ឆ្នាំកន្លងមកនេះ បន្ទាប់ពីខ្លួនបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរធំៗជាវិជ្ជមានប្រកប ដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
សម្តេចតេជោ បន្តលើកសមិទ្ធផលកើតចេញពីការដឹកនាំរបស់បក្សទៀតថា ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិង កំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និង សកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។
ប្រមុខគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ដូច្នេះ «សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។ និយាយរួមមករាល់សមិទ្ធផលដែលគណបក្ស បានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធាន មនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ»។
បើទោះបីគណបក្សបានសម្រេចនូវសមិទ្ធផលដ៏ល្អប្រសើរសម្រាប់ជាតិ និងប្រជាជនយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន មិនភ្លេចពីការក្រើនរំលឹកដល់មន្ត្រីបក្សទាំងអស់ថា ក្នុងដំណើរទៅមុខទៀត មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិបានជួបប្រទះពីអតីត កាលនោះឡើយ។
ដើម្បីបញ្ចៀសបាននូវវិនាសកម្ម និងការដើរជាន់លើគន្លងអវិជ្ជមានកាលពីអតីតកាលនោះ ប្រមុខគណបក្សប្រជាជនកម្ពុជា និងតួអង្គដ៏សំខាន់ក្នុងស្រោចស្រង់កម្ពុជាពីគំនរនៃភ្លើងសង្គ្រាមរូបនេះ បានណែនាំឱ្យសមាជិកបក្ស ត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិតែមួយ ដើម្បីរក្សាឱ្យបាននូវសមិទ្ធផលធំៗ ដែលបក្សសម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។
សម្តេចតេជោ បានក្រើនរំលឹកដល់មន្ត្រីបក្សរបស់ខ្លួនដោយបានសង្កត់ធ្ងន់យ៉ាងដូច្នេះ «គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវអនុវត្តគោលការណ៍ និងអភិក្រមនានានៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច»។
ទន្ទឹមនឹងការក្រើនរំលឹកឱ្យមន្ត្រីរបស់ខ្លួនខិតខំបំពេញតួនាទីភារកិច្ចដើម្បីជាតិ និងប្រជាជនហើយនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសដែរថា នឹងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានា នៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត៕