(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍កោះសាមសិប ឆ្នាំ២០២២-២០២៦ នៅសាលប្រជុំសកលវិទ្យាល័យក្រចេះ។
កោះសាមសិប គឺជាសហគមន៍អេកូទេសចរណ៍ដ៏សែនមនោរម្យមួយ គ្របដណ្ដប់លើភូមិចំនួន ៣ រួមមាន៖ ភូមិខ្សាច់លាវ ភូមិកោះខ្ញែ និងងភូមិពន្ធជា នៃឃុំព្រែកគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះមានចម្ងាយប្រមាណជាង ៩០ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។
លោកស្រី ខាំ សុភាព បានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំទាំងឡាយ ដែលមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការដៃគូដែលបានរួមសាមគ្គីគ្នាផ្តួចផ្តើម ការរៀបចំផែនការអភិវឌ្ឍន៍ជូនសហគមន៍អេកូទេសចរណ៍កោះសាមសិប ប្រកបដោយភាពប្រាកដនិយម ច្បាស់លាស់ សមស្របតាមលក្ខណៈភូមិសាស្រ្ត វប្បធម៌ ទំនៀមទំលាប់ប្រពៃណី ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅក្នុងតំបន់។
លោកស្រីបន្តថា «ផ្អែកតាមការពិនិត្យផែនការអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍កោះសាមសិប ខ្ញុំជឿជាក់ថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ជាប្រទីបបំភ្លឺផ្លូវជូនដល់គណៈកម្មការគ្រប់គ្រងសហគមន៍ លើកិច្ចការងារស្នូលដែលខ្លួនជាតួអង្គអនុវត្តជាក់ស្តែងដ៏សំខាន់ ទាំងលើការដឹកនាំគ្រប់គ្រងធនធានមនុស្ស ថែរក្សាបរិស្ថាន ការអភិវឌ្ឍសេវាកម្ម ផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត»។
ក្នុងនោះផងដែរ គួរកត់សម្គាល់ឃើញថាសហគមន៍មួយនេះ មានអ្វីដែលពិសេសប្លែកនោះគឺទិដ្ឋភាពតាមដងទន្លេ ធនធាន ធម្មជាតិ និងជីវៈចម្រុះ សត្វស្លាបប្រមាណ ១៨៣ប្រភេទ អន្លង់ត្រី មេពូជ និងជម្រកត្រីជិតផុតពូជ ព្រៃឈើ សម្រស់ព្រៃលិចទឹក បណ្តុំកោះរាប់រយ វប្បធម៌ជនជាតិដើមភាគតិច (ព្នង និងកួយ) គឺជាភាពទាក់ទាញសំខាន់ ព្រមទាំងកត្តាអំណោយផលនៃដីល្បប់ទន្លេ មេគង្គ បានធ្វើឱ្យសហគមន៍ អាចធ្វើស្រែចំការ បានទិន្នផលខ្ពស់ និងអាចបង្កើតភាពទាក់ទាញផ្នែកកសិ-ទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា ខេត្តក្រចេះមានរមណីយដ្ឋាន ទេសចរណ៍សរុបចំនួន ២០កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ០៥កន្លែង រមណីយដ្ឋានធម្មជាតិ ១១កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិ ០១កន្លែង កែច្នៃចំនួន ០៣កន្លែង និងរមណីយដ្ឋានបម្រុងទុកចំនួន ០១កន្លែង (សហគមន៍អេកូទេសចរណ៍ទឹកជួរតាចោរក្រហមករ)៕