(ប៉ៃលិន)៖ នៅទីស្នាក់ការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ស្ថិតក្រោមអធិបតីភាពលោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ប្រធាន អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រីក្រុមការងារចុះជួយឃុំ សង្កាត់ និងគណបក្សក្រុង ស្រុក ឃុំ/សង្កាត់ សាខាបក្សភូមិ សកម្មជនយុវជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករផងដែរ។
លោកស្រី បាន ស្រីមុំ បានអាននូវសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា ដែលដើមឡើយជាគណបក្សប្រជាជនបដិវត្តខ្មែរបង្កើតឡើង ដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៧១ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីពួកអាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ ហើយបានបើកឡើងនូវទំព័រថ្មី នៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។
ក្នុងសន្ទរកថាបានបញ្ជាក់ផងដែរថា គោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា គឺការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកប ដោយនិរន្តរភាព ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍបម្រើប្រទេសជាតិ ដើម្បីឆ្លើយតបទៅឆន្ទះរបស់ម្ចាស់ឆ្នោត ដោយគាំទ្រពេញទំហឹង លើការខិតខំរបស់ រាជរដ្ឋាភិបាល នីតិកាលទី៦ ក្នុងការជំរុញអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយនានា របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិថ្មី ឲ្យមានប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តប៉ៃលិន បានលើកពីប្រវត្តិនៃសកម្មភាពនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយ នៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ត្រ នៅលើមាគ៌ានយោបាយ ដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើមី្បផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម បំផុតរបស់ជាតិ ដូច្នេះឆ្លងកាត់រយៈពេលជាង ៤ទសវត្ស នៃដំណើរការតស៊ូសង្រ្គោះអាយុជីវិតប្រទេសជាតិ ការស្តារកសាង និងការពារ មាតុភូមិចាប់ពីជ័យជម្នះ ៧មករា មក កម្ពុជាដកស្រង់បាននូវមេរៀន ដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុតសម្រាប់ អនាគតប្រទេសជាតិកម្ពុជា ហើយ ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។
លោកប្រធានបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យសំដៅលើកកម្ពស់ សមត្ថភាពដឹកនាំរបស់បក្ស ឲ្យសម្រេចបានសមទ្ធិផលធំៗ ព្រមទាំងសូមជនរួមជាតិ ទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តម គតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន ហើយលទ្ធផលជាកស្តែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារឃុំ-សង្កាត់អណត្តិទី៦ កន្លងទៅថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងភ្លូកទឹកភ្លូកដី។
លោក អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ «រយៈពេល ៤៣ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គណបក្សកម្ពុជាបានដឹកនាំប្រទេសសម្រេចបាន សមិទ្ធផលដ៏ធំធេង ក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញរបស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ការស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេ ឲ្យមានស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ ១៩៩៣ ការបង្កើតសន្តិភាពពេញលេញជូនជាតិចាប់ពីចុងឆ្នាំ ១៩៩៨ មកតាមរយៈនយោបាយឈ្នះ-ឈ្នះ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា ហើយចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕