(ភ្នំពេញ)៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទាំងយប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាបន្តបន្ទាប់ នៅទឹកដីខណ្ឌមានជ័យ និងខណ្ឌទួលគោក។
មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខាងលើនេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ដំបូងកម្លាំងប្រតិបត្តិការ បានចាប់ខ្លួនជនសង្ស័យ៣នាក់ មានស្រីម្នាក់ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយដកហូតថ្នាំក្រាមពណ៌សថ្លា២កញ្ចប់ និងឧបករណ៍សម្រាប់ជក់មួយចំនួន។
ក្រោយចាប់ខ្លួនជនសង្ស័យទាំងនេះហើយ កម្លាំងនគរបាលបានបន្តប្រតិបត្តិការ ចុះទៅចាប់ខ្លួនបក្ខពួកបន្ថែមទៀត នៅតាមរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយដកហូតថ្នាំ១កញ្ចប់ធំ និង៣០កញ្ចប់តូច ថ្នាំពណ៌ផ្កាឈូក១៧គ្រាប់ ព្រមទាំងម៉ូតូ៣គ្រឿងផងដែរ។
សម្រាប់ជនសង្ស័យទាំង៦នាក់ និងវត្ថុតាងទាំងអស់ត្រូវបាន យកទៅសួរនាំ នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕