(ព្រៃវែង)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង រៀបចំពិធីអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ និងចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានធ្វើសកម្មភាពជាច្រើនសម្រាប់បុព្វហេតុជាតិ និងប្រជាជន។ មរតកដ៏មហាសាលរបស់គណបក្សប្រជាជនកម្ពុជា គឺការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានកសាងប្រទេសចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ការអភិវឌ្ឍដ៏រុងរឿងដូចពេលបច្ចុប្បន្ន។
នៅក្នុងពិធីនោះ លោក យូ សិរីវុឌ្ឍ បានថ្លែងគូសរំលេចនូវសកម្មភាព និងការធ្វើពលីកម្មជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជនកម្ពុជា និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីប្រជាជន។
លោក យូ សិរីវុឌ្ឍ បានលើកឡើងថា រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់គោលបំណង និងឧត្តមគតិ ក្នុងការកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជ សាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះ ត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម»។
លោក យូ សិរីវុឌ្ឍ បន្ថែមថា «ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ»។
លោក យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញនូវគំរូវីរៈភាពដ៏អង់អាចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងតស៊ូរំដោះជាតិ និងប្រជាជន ហើយបានដាក់ចេញនូវនយោបាយជាច្រើន ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាម ផ្សះផ្សាបង្រួបបង្រួមជាតិ ធ្វើឱ្យមានការឯកភាពជាតិជាធ្លុង ហើយសម្រេចបាននូវការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិឱ្យរីកចម្រើន និងរុងរឿងដូចពេលបច្ចុប្បន្ន។
«គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាវីរៈបុរសរបស់ជាតិ បានពាំនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ។ អំណឹះពីនេះតទៅមុខទៀត គណបក្សប្រជាជនកម្ពុជានៅតែបន្តដើរតួជាស្នូលក្នុងរក្សាសន្តិភាព និងការអភិវឌ្ឍ។ ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ធានាប្រជាពលរដ្ឋកម្ពុជានឹងរស់នៅក្នុងសុខសន្តិភាព សេចក្តីថ្លៃថ្នូរ សុខសាន្ត និងសុខសុភមង្គល»។ នេះជាការគូសបញ្ជាក់របស់លោក យូ សិរីវុឌ្ឍ។
លោកបន្ថែមថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សធានានូវខឿនឯករាជ្យជាតិ ខឿនការពារជាតិយ៉ាងរឹងមាំ ព្រោះជាគណបក្សដែលមានការចាត់តាំងខាងនយោបាយដ៏ត្រឹមត្រូវ មានមាគ៌ាដឹកនាំប្រទេសច្បាស់លាស់»។
ក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ បានអំពាវនាវដល់សមាជិក សមាជិកា បន្តរួបរួមាសាមគ្គីគ្នាជាធ្លុងពង្រឹងនូវភាពខ្លាំងពូកែរបស់បក្ស។ លោកក៏បន្តអំពាវនាវដល់សមាជិក សមាជិកា និងប្រជាពល ត្រូវតែជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្បូរដោយធនធានមនុស្សខ្លាំងពូកែ៕