(ភ្នំពេញ)៖ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានរៀបចំឡើង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ទៅដោយភាពជោគជ័យ ខណៈអង្គសិក្ខាសាលា បានសំណូមពរដល់មន្ត្រីការទូតឱ្យជួយ ៥ចំណុច។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
៥ចំណុច ដែលអង្គសិក្ខាសាលាទាំងមូល បានលើកជាសំណូមពរដល់មន្ត្រីការទូតឱ្យជួយ រួមមាន៖
១៖ ផ្សព្វផ្សាយព័ត៌មានស្តីពីច្បាប់វិនិយោគថ្មី និងសក្តានុពលរបស់កម្ពុជា
២៖ ការស្រាវជ្រាវបន្ថែមពីតម្រូវការទីផ្សារបរទេស និងរៀបចំវេទិកាធុរកិច្ចជាមួយដៃគូបរទេស
៣៖ ពង្រឹងការចែករំលែកព័ត៌មាន រវាងក្រសួង-ស្ថាប័ន និងវិស័យឯកជន
៤៖ ជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីលើកតម្កើងកិត្យានុភាពជាតិ ក៏ដូចជា
៥៖ បង្កើតក្រុមការងារមួយ ដើម្បីជំរុញមុខម្ហូបខ្មែរលើឆាកអន្តរជាតិ។
សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានរៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស ក្រោមគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅសណ្ឋាគារ Hyatt Regency Phnom Penh ត្រូវបានបិទបញ្ចប់ក្រោម អធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។
សិក្ខាសាលានេះបានទទួលការចូលរួមដោយផ្ទាល់ពីលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងការបរទេស ក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងវិស័យឯកជនដើម្បីសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ព្រមទាំងសមាគមកសិផលខ្មែរ សមាគមទេសចរណ៍ ក្រុមហ៊ុនឯកជន និងការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពីសំណាក់ស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់សរុបប្រមាណ ៣៥០នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបន្ថែមថា សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង៖
១៖ ផ្សព្វផ្សាយពីយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ឱ្យកាន់តែទូលំទូលាយ
២៖ ប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង និងជាមួយវិស័យឯកជន ក្នុងការងារការទូតសេដ្ឋកិច្ច
៣៖ ស្វែងយល់ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច និង
៤៖ កំណត់យន្តការ ដើម្បីពង្រឹងសមត្ថភាព និងបញ្ជ្រៀបការយល់ដឹងដល់មន្ត្រីការទូត និងមន្រ្តី ពាក់ព័ន្ធ។
សិក្ខាសាលាខាងលើបានផ្តោតលើតួនាទីរបស់មន្ត្រីការទូតក្នុងវិស័យធំៗ ចំនួន៣ រួមមាន វិនិយោគ និងពាណិជ្ជកម្ម, ទេសចរណ៍ និង វប្បធម៌ និងម្ហូបខ្មែរ ដែលមានការចូលរួមដោយវាគ្មិនមកពីក្រសួងស្ថាប័នជំនាញ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ពីកាលានុវត្តភាព បញ្ហាប្រឈម និងកំណត់យន្តការផ្សេងៗ សំដៅទាញយកផលប្រយោជន៍ជាអតិបរមាសម្រាប់ ប្រជាជនរបស់យើង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ និងបានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដែលសម្រេចបានសមិទ្ធិផលធំៗនាពេលកន្លងមក ដែលក្នុងនោះ រួមមាន៖
១៖ ចងក្រង និងបោះពុម្ពសៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ និងជាប់ជ័យលាភីជា «សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ» ២ឆ្នាំជាប់គ្នា និងជា «សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ»
២៖ រៀបចំវេទិកាធុរកិច្ចជាមួយបណ្តាដៃគូពាណិជ្ជកម្មនានា
៣៖ រៀបចំផ្ទាំងព័ត៌មានស្តីពីសេដ្ឋកិច្ច និងសង្គម និង
៤៖ ពង្រឹងកិច្ចសហការរវាងស្ថានតំណាងកម្ពុជានៅក្រៅប្រទេស និងក្រុមការងារអន្តរក្រសួង និងវិស័យឯកជន ក្នុងការផ្សព្វផ្សាយពីផលិតផលជាតិ ពាណិជ្ជកម្ម ឱកាសវិនិយោគ និងច្បាប់វិនិយោគថ្មី ដើម្បីស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងជំរុញលំហូរវិនិយោគពីបរទេស។
ក្នុងនាមជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច និងបានជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែមានប្រសិទ្ធិភាព ដើម្បីចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ៕