(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។
ពិធីអបអរសាទរថ្ងៃកំណើតបក្សប្រជាជនកម្ពុជាក្នុងស្រុកកំពង់លែង បានធ្វើយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកកំពង់លែង, ក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានឃុំត្រងិល ឃុំសំរោងសែន និងឃុំស្វាយរំពារ, ប្រធាន និងអនុប្រធានសមាជិកគណបក្សស្រុក និងសមាជិក សមាជិកាបក្សសរុបប្រមាណ ៦៥០នាក់។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ និងចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានធ្វើសកម្មភាពជាច្រើនសម្រាប់បុព្វហេតុជាតិ និងប្រជាជន។ មរតកដ៏មហាសាលរបស់គណបក្សប្រជាជនកម្ពុជា គឺការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានកសាងប្រទេសចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ការអភិវឌ្ឍដ៏រុងរឿងដូចពេលបច្ចុប្បន្ន។
ក្នុងពិធីអបអរសាទរថ្ងៃកំណើតបក្សប្រជាជនកម្ពុជា លោកបណ្ឌិត សឹង សំណាង បានថ្លែងគូសរំលេចនូវសកម្មភាព និងការធ្វើពលីកម្មជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ លោកបណ្ឌិត សឹង សំណាង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជនកម្ពុជា និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីប្រជាជន។
លោកបណ្ឌិត សឹង សំណាង បានគូសបញ្ជាក់បែបនេះ «តាមរយៈការឆ្លងកាត់គ្រប់ដំណាក់កាលរាប់តាំងពីការប្រយុទ្ធប្រឆាំងជាមួយពួកអាណានិគមនិយមរហូតបក្សប្រជាជនបានឈរយ៉ាងរឹងមាំលើការដឹកនាំប្រទេសហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ទោះក្នុងតម្លៃណា កាលៈទេសៈណាក៏ដោយ ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើន។ ឥឡូវនេះឆ្លងតាមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បានបង្ហាញពីភាពជឿជាក់យ៉ាងមុតមាំរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់មកលើការដឹកនាំរបស់គណបក្រប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យ និងជំរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង»។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត សឹង សំណាង បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តគ្រប់គ្រង និងដឹកនាំនៅតាមមូលដ្ឋានឃុំ/សង្កាត់។ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានបក្សចុះមូលដ្ឋានស្រុកកំពង់លែង លោកបណ្ឌិត សឹង សំណាង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋជាកិច្ចតបស្នងចំពោះការជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង និងក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកានៅស្រុកកំពង់លែង បានរួមគ្នាបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកសូមប្រសិទ្ធិពរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំបក្ស និងប្រទេសកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាពចម្រុងចម្រើនជានិរន្តន៍។
ក្នុងពិធីនោះលោកបណ្ឌិត សឹង សំណាង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០,០០០,០០០ រៀលជូនឃុំទាំង ៩ក្នុងស្រុកកំពង់លែង ដើម្បីប្រតិបត្តិការងារផ្សេងៗ៕