(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ រៀបចំពិធីរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា «២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២»។
នៅក្នុងឱកាសរំលឹកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោក ម៉ែន វិបុល បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារថា ថ្ងៃនេះជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិត ថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។ ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេស ជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សារលិខិតបានបញ្ជាក់ថា ជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ គ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ។
ពិធីនេះក៏ត្រូវបានប្រព្រឹត្តឡើង ក្នុងសភាពការណ៍ដែលព្រះរាជា ណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការឆ្លងរាតត្បាតនៃជំងឺដ៏កាច សាហាវនេះ ហើយកំពុងសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ម៉ែន វិបុល បានអានសារលិខិតបន្តថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានានូវ ជីវភាពដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ មកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំង នឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក៕