(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ត្រឹន ហុងកុង អនុប្រធានស្នងការ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱ្យនោះ នាយឧត្តមសេនីយ៍ វង្ស វាសនា ក្នុងនាមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់ស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល ដើម្បីពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ វង្ស វាសនា បានលើកឡើងពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា ក្នុងនោះបញ្ហាជំងឺកូវីដ-១៩ មានសភាពធូរស្រាល អាចគ្រប់គ្រងបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញយុទ្ធសាស្ត្ររហ័សទាន់សភាពការណ៏ និងប្រកបដោយភាពច្បាស់លាស់។
នាយឧត្តមសេនីយ៍ វង្ស វាសនា ក៏បានថ្លែងការអរគុណចំពោះការជួយឧបត្ថម្ភរបស់វៀតណាមពេលកន្លងមក ពិសេសការជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ហើយបច្ចុប្បន្នវៀតណាមនៅតែបន្តជួយដល់កម្ពុជា ទាំងសម្ភារថវិកា និងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។
ក្នុងកិច្ចឆ្លើយតប ឧត្តមសេនីយ៍ត្រី ត្រឹន ហុងកុង បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ត្រី ត្រឹន ហុងកុង បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើនប្រែមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរខួបលើកទី៤៥ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានអត្ថន័យសំខាន់នៃទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង»៕