(កណ្តាល)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បានចុះធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួន ២៥៦០នាក់ ដោយឥតគិតថ្លៃ នៅស្រុកមុខកំពូល ខេត្តកណ្តាល។
យុទ្ធនាការធម៌នេះ ដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមានការចូលរួមពីអាជ្ញាធរ ខេត្ត ស្រុក ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ក្រុមការរងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ យុវជន ផ្នែកដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន សែន ជាប្រមុខដឹកនាំ ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានស្នើឱ្យសមាគមបានចុះធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះ ក្រុមការរងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកណ្តាលនេះ។
លោក វង្សី វីស្សុត ប្រធានក្រុមការងារចុះជួយស្រុកមុខកំពូល បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេស ព្រមទាំងបានគិតគូពីសុខទុក្ខនិងជីវភាពរស់នៅ សន្តិសុខ របស់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកំពស់សុខមាលភាពប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃបានគោរព ថ្លែងអំណរគុណចំពោះសកម្មភាព ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ។
តំណាងក្រុមគ្រូពេទ្យមកពីប្រទេសសឹង្ហបុរី ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តាមរយៈការចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅខេត្តកណ្តាលនេះ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងកោតសរសើរចំពោះសកម្មមនុស្សធម៌ របស់សមាគម TYDA និងការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ។
តាមរបាយការណ៌របស់គ្រូពេទ្យបានឱ្យដឹងថា ការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងខេត្តកណ្តាល នៅពេលនេះ បានពិនិត្យព្យាបាលជម្ងឺទូទៅបានចំនួន១៧៧២នាក់ ពិនិត្យនិងព្យាបាលត្រចៀក ច្រមុះ បំពង់កបានចំនួន៩០នាក់ ពិនិត្យស្ត្រីដែលមានផ្ទៃពោះ និងព្យាបាលរោគស្រ្តីបានចំនួន១០៥នាក់ វះកាត់តូចបានចំនួន២៥នាក់ វះកាត់ព្យាបាល ជំងឺមាត់ធ្មេញបានចំនួន១៦៦នាក់ ពិនិត្យភ្នែកបានចំនួន១៤៥នាក់ និងបញ្ជូនអ្នកជំងឺមកព្យាបាល នៅភ្នំពេញ ចំនួន៣៥នាក់ ពិនិត្យឈាម៤០នាក់ សរុបទាំងអស់ចំនួន២៥៦០នាក់៕