(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ កាន់តែបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋានឃុំ ភូមិ សង្កាត់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីមីទ្ទេញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ កាន់តែបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា តាមរយៈជ័យជម្នះនេះ នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមាន មូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឲ្យបរាជ័យនូវឧបាយកល និង សកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។
ក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សម្តេចប្រធានកិត្តិយសគណបក្ស និងខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងការគោរព និងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្ស យុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។
ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សសូមប្តេជ្ញាខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យឃុំសង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងលើ គ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុង គ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន១៧ចូលរួមបានប្រព្រឹត្តទៅ ដោយជោគជ័យក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។
ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោតតាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយ រីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបន្តដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន។ ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិត ប្រាកដជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឲ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេស ការអភិវឌ្ឍនៅមូលដ្ឋាន៕