(ពោធិ៍សាត់)៖ កម្លាំងសហគមន៍ព្រៃឈើភូមិស្វាយស សហការជាមួយមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្នាអន្សា និងអាជ្ញាធរមួយចំនួនទៀត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បានចាប់បង្អាក់សកម្មភាពត្រាក់ទ័រ ១គ្រឿង ខណៈកំពុងឈូសឆាយដីព្រៃសហគមន៍ ក្នុងដែនសហគមន៍ព្រៃឈើស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក វណ្ណ សាវុធ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងល្ងាចនេះថា ការឃាត់ចាប់ត្រាក់ទ័រខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា មានត្រាក់ទ័រ ១គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍ ក្នុងដែនសហគមន៍ព្រៃឈើស្វាយស។ លោកបានបន្តថា ម្ចាស់ត្រាក់ទ័រ ឈ្មោះ យង់ វ៉េង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកបានបន្តទៀតថា បើតាមចម្លើយជាបឋមពីម្ចាស់ត្រាក់ទ័របាននិយាយថា គាត់បានស៊ីឈ្នួលភ្ជូរឲ្យគេទេ ហើយម្ចាស់នោះឈ្មោះ កើត ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
វត្ថុតាងត្រាក់ទ័រ បានរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា រង់ចាំបំពេញសំណុំបែបបទចប់សព្វគ្រប់ ប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធី ៕