(ភ្នំពេញ)៖ សហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» ដែលបានដាក់ភ្នាក់ងារជាង១ពាន់នាក់ សង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នោះ បានប្រកាសគាំទ្រចំពោះការបោះឆ្នោត ដោយអះអាងថា បានប្រព្រឹត្តទៅដោយរលូន តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី និងពហុបក្ស។
តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានជាតិអប់រំ, លោក សាខុន ប៉ូរិន អនុប្រធានសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា បានបញ្ជាក់ថា «ទាក់ទងនឹងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ក្នុងនាមជាក្រុមអ្នកអង្កេតការណ៍ជាតិ សហព័ន្ថនិស្សិតបញ្ញាវ័នប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» បានយកចិត្តទុកដាក់ខ្ពស់ចូលរួមពិនិត្យ តាមដាន ចាប់ពីថ្ងៃឃោសនារកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងការត្រួតពិនិត្យសន្លឹកឆ្នោតឃើញថា នៅគ្រប់នីតិវិធីនីមួយៗសម្រាប់ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅ យ៉ាងត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងស្របតាមច្បាប់ ជាពិសេសគឺការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោកសង្កត់បន្ថែមថា «សហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា (កែវភ្នែកយុត្តិធម៌) សូមប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្រកាសលទ្ធលទ្ធផលផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ»។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ គណបក្សនយោបាយមួយចំនួន ដែលបានចោទប្រកាន់ថាការបោះឆ្នោតមិនត្រឹមត្រូវ និងមិនតម្លាភាព ត្រូវបានអនុប្រធានសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ក្នុងការអង្កេតការណ៍របស់សហព័ន្ធនិស្សិតសង្កេតឃើញថា នៅតាមការិយាល័យនីមួយៗ សុទ្ធតែមានតំណាងគណបក្សនីមួយនៅក្នុងការិយាល័យ ហើយការលើកឡើងរបស់គណបក្សមួយចំនួននោះ គឺមិនត្រឹមត្រូវ ទៅតាមអ្វីដែលខ្លួនបានបញ្ជូនភ្នាក់ងារគណបក្សខ្លួនឯង នៅតាមការិយាល័យនីមួយនោះទេជាក់ ស្តែងអ្នកអង្កេតការណ៍ជាតិ អ្នកអង្កេតការណ៍របស់អង្គការក្រៅរដ្ឋាភិបាល គឺបានចូលរួមអង្កេតការយ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ក្នុងនាមជាក្រុមអ្នកអង្កេតការណ៍ជាតិ សហព័ន្ធនិស្សិត បញ្ញាវ័ន ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» បានដាក់អ្នកស្ម័គ្រចិត្តអ្នកអង្កេតការណ៍មកពីបណ្តាគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជនសរុបចំនួន ១,០៥៨នាក់ ដើម្បីចូលរួមអង្កេតការណ៍នៅទូទាំង២៥ រាជធានី ខេត្ត និងមានក្រុមចល័ត ១០នាក់ ដើម្បីចុះពិនិត្យមើលនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការការអង្កេតការណ៍នេះផងដែរ សហព័ន្ធនិស្សិតក៏បានកត់ត្រាជារបាយការណ៍ ដែលបានមកពីការអង្កេតការណ៍តាមមូលដ្ឋានជាក់ស្តែង ដែលអ្នកសង្កេតបានទៅដល់ផងដែរ។
ជាមួយគ្នានេះដែរ សហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» សូមចូលរួមអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ នៃបណ្តាគណបក្សដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីដឹកនាំអភិវឌ្ឍនៅតាមមូលដ្ឋាន ឃុំ សង្កាត់ សម្រាប់រយៈពេល៥ ឆ្នាំតទៅមុខទៀត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសអំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សចំនួន៩ប៉ុណ្ណោះ ដែលទទួលបានអាសនៈ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់។ ចំណែកគណបក្សភ្លើងទៀនជាគណបក្សប្រឆាំង ទទួលបាន តំណែងមេឃុំចំនួន៤ ជំទប់ទី១ ចំនួន២៥នាក់ ជំទប់ទី២ ចំនួន១,៣៦០នាក់។
គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩អាសនៈ (ជំទប់ទី១ ចំនួន៤នាក់ ជំទប់ទី២ ចំនួន១២នាក់) គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣អាសនៈ (ជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ចំនួន១០នាក់) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន៥អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សយុវជនកម្ពុជាទទួលបាន៣អាសនៈ (ជំទប់ទី២ ចំនួន៣នាក់) គណបក្សកម្ពុជានិយមទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់)។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុបចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់។ ក្នុងនោះមានសំឡេងបានការចំនួន ៧,២៣៧,០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧,៣៩០នាក់៕