(ភ្នំពេញ)៖ ឧកញ៉ាស៊ុយ សុផាន ដែលគេស្គាល់ថា គឺជាឧកញ៉ាមួយរូប ដែលមានរឿងអាស្រូវដីធ្លី ជាមួយប្រជាពលរដ្ឋជាច្រើនកន្លែង ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះ ត្រូវបានប្រជាពលរដ្ឋចំនួន១៩គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយគាត់នៅសង្កាត់វាលស្បូវ ធ្វើការចោទប្រកាន់ថា បានបន្តចាក់ដីនិងសង់រោងនៅលើដីទំនាស់បំពានលើកិច្ចសន្យា។
តំណាងប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយ ឧកញ៉ា ស៊ុយ សុផាន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ បានទូរស័ព្ឌរាយការណ៏ប្រាប់ Fresh News ឱ្យដឹងថា ឧកញ៉ា ស៊ុយ សុផាន នៅតែបំពានទៅលើកិច្ចព្រមព្រៀង ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ក្នុងការសន្យាថា នឹងមិនបន្តធ្វើសកម្មភាពអ្វីនៅលើដីទំនាស់ ដែលដោះស្រាយមិនទាន់ចប់នោះនៅឡើយទេ។ប៉ុន្តែនៅព្រឹកមិញគាត់បែរជាឱ្យកូនចៅទៅសង់រោងនៅលើដីទំនាស់ដដែលទៅវិញ។
សូមបញ្ជាក់ថា ឧកញ៉ាស៊ុយ សុផាន បានមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ១៩គ្រួសារ ដែលមានទីតាំងនៅក្នុងភូមិព្រែកជើងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ភាគីឧកញ៉ាស៊ុយ សុផាន បានប្រើគ្រឿងទៅឈូសឆាយដឹកដីចាក់នៅលើទីតាំងដីទំនាស់ ហើយភាគីប្រជាពលរដ្ឋបានប្ដឹងទៅអាជ្ញាធរចុះទៅឃាត់គ្រឿងចក្រ។លុះនៅថ្ងៃទី១៨ ខែឧសភា តំណាងឧកញ៉ា ស៊ុយ សុផាន និងភាគីប្រជាពលរដ្ឋបានចូលខ្លួនទៅធ្វើការដោះស្រាយគ្នា នៅសាលាខណ្ឌច្បារអំពៅហើយតំណាងឧកញ៉ាស៊ុយ សុផាន បានសន្យាថា នឹងមិនបន្តចាក់ដីឬសាងសង់អ្វីនៅលើដីទំនាស់ទៀតទេរហូតទាល់តែមានការដោះស្រាយទំនាស់ចប់ជាមុនសិន តែនៅថ្ងៃទី២១ ខែឧសភានេះ បែរជា ឧកញ៉ា ស៊ុយ សុផាន បំពានលើកិច្ចព្រមព្រៀងបន្តធ្វើរោងស្នាក់នៅនៅលើដីទំនាស់ទៅវិញ។ តំណាងប្រជាពលរដ្ឋបានសំណូមពរសូមឱ្យអាជ្ញាធរជួយមានវិធានការទប់ស្កាត់ផង៕