(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងសភាពការ ប្រចាំខែមិថុនា ក្នុងឆ្នាំ២០២២នេះ និងលើទិសដៅការងារសម្រាប់អនុវត្តន៍បន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ស្ថិតក្រោមវត្តមានលោកឧត្ដមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមស្ដាប់ និងទទួលផែនការទុកយកទៅអនុវត្តន៍បន្តនៅខែក្រោយទៀត ដោយមានការចូលរួមពីសំណាក់អស់លោក-លោកស្រីអធិការរង អស់លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្ដិ៍ទាំង០៧ ចំណុះឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ។
លោក គល់ យី បានមានមតិលើកឡើង ដោយថ្លែងកោតសរសើរទៅដល់លោកអធិការនគរបាលខណ្ឌមានជ័យ លោកអធិការរងទាំងអស់ និងលោកនាយប៉ុស្ដិ៍ទាំង០៧ និងនាយផ្នែកនីមួយៗ ព្រមទាំងមន្រ្តីនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានរួមដៃគ្នា រួមកម្លាំងគ្នាខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន បានល្អប្រសើរ ក្នុងការការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដោយរក្សាបាននូវភាពសុខសាន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពកក់ក្ដៅ ស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕