(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញើញក្នុងពិធី អបអរសាទរ ខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២២ ដោយមានវត្តមានចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអតីតយុទ្ធជន ជាជនពិការសរុប៣៥០នាក់។
លោក វ៉ី សំណាង បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់អតីតយុទ្ធជន ក្នុងខ្លឹមសារដើមថា សម្ដេចតេជោ ហ៊ុន សែន ជាយុទ្ធជនដ៏ឆ្នើមម្នាក់បានដឹកនាំការតស៊ូរំដោះជាតិ រហូតទទួលបានការរំដោះ ប្រជាពលរដ្ឋឲ្យរួចផុត ពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកថា «សម្តេចតេជោ បាននាំមកនូវសិទ្ធិសេរីភាព ភាពសុខដុម្យនា ជូនជាតិ និងប្រជាជនកម្ពុជា។ ក្នុងអតីតកាលប្រទេសជាតិយើង បានឆ្លងកាត់ការលំបាករាប់មិនអស់ពី ដំណាក់កាលមួយ ទៅដំណាក់កាលមួយ សង្គ្រាមស៊ីវិល ក៏មិនទាន់បានបញ្ចប់ ភាពក្រីក្រក៏កំពុងត្រូវបានញាំញី។ កត្តាទាំងពីរនេះហើយ ដែលធ្វើឲ្យសម្ដេចកំណត់បាននូវគោលនយោបាយសំខាន់ៗ និងដាក់ចេញនូវយុទ្ធសាស្ត្រ ឌីហ្វីដ ដែលមានន័យថា បំបែក, ធ្វើឲ្យឯកោ, បញ្ចប់, សមាហរណកម្ម និងអភិវឌ្ឍន៍ តាមដំណាក់កាលជាជំហានៗ រហូតទទួលបានជោគជ័យជាបន្តបន្ទាប់»។
លោកអភិបាលខេត្តបានលើកឡើងទៀតថា ក្រោមចក្ខុវិស័យ ពោពេញដោយបញ្ញាញាណ សម្ដេចតេជោ បន្តដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីដោះស្រាយបញ្ចប់ វិបត្តិសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលកើតឡើងជាច្រើន ទសវត្សកន្លងមកនេះ បានធ្វើឱ្យកម្លាំងរបស់កម្ពុជាប្រជាធិបតេយ្យសម្រេចចិត្តទម្លាក់អាវុធធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាល តាមទស្សនទាន របស់សម្តេចតេជោ គឺជាការទទួលយកនយោបាយឈ្នះឈ្នះ ដោយផ្តោតលើ គោលការណ៍០៣ចំណុចសំខាន់ រួមមាន៖
*ទី១៖ ការធានាអាយុជីវិត
*ទី២៖ ការធានារទ្រព្យសម្បត្តិ កម្មសិទ្ធិផ្ទាល់ខ្លួន
*ទី៣៖ ការរក្សាតួនាទី ឋានន្តរស័ក្ដិ ធានាមុខរបរអាជីពការងារ និងផ្ដល់លទ្ធភាពឲ្យទទួលការពារ ធានាសន្តិសុខ នៅទីតាំងឈរជើងដដែល។
ភាពជោគជ័យពោពេញដោយទស្សនៈវិស័យគ្រប់ជ្រុងជ្រោយប្រកបដោយបញ្ញាញាណភ្លឺថ្លា របស់សម្តេចតេជោ បានបន្តលើកកម្ពស់ឥតឈប់ឈរ។ ស្របពេលដែលប្រទេសជាតិទទួល សុខសន្តិភាព នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មក សម្តេចក៏បានផ្តួចផ្តើមបង្កើតឱ្យមានសមាគមអតីតយុទ្ធ ជនកម្ពុជាឡើង។
សម្តេចតេជោ បានស្ម័គ្រចិត្តធ្វើជាប្រធានសមាគមនេះ ដើម្បីបន្តដឹកនាំគាំទ្រដល់អតីតយុទ្ធជន ព្រមទាំងមានគោលនយោបាយទំនុកបម្រុងសម្ភារ ថវិកា ដីធ្លី ប័ណ្ណ ប.ស.ស ការដំឡើងប្រាក់ បៀវត្ស ការផ្តល់ជម្រកស្នាក់នៅ ពិសេសក្នុងដំណាក់កាលកូវីដ-១៩ សម្តេចបានផ្តល់អាទិភាពដល់ អតីតយុទ្ធជនរបស់យើង ក្នុងការចាក់វ៉ាក់សាំងចាប់ពីដូសទី១ រហូតដល់ដូសទី៥ ជាមួយកម្លាំងជួរមុខរបស់ជាតិផងដែរ៕