(ប៉ៃលិន)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ក្នុងបរិវេណសាលាខេត្តប៉ៃលិន មានរៀបចំប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ស្ថិតក្រោមអធិបតីភាព លោក អ៉ី ឈាន ប្រធានគិក្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីលោក សេង ទៀង ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន, លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រីសមាជិកកាកបាទក្រហមកម្ពុជា, បងប្អួនក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, ក្រុមកាយរិទ្ធកម្ពុជាខេត្ត និងប្អួនៗសិស្សានុសិស្ស ប្រជាពលរដ្ឋ ជាងមួយពាន់នាក់ ។
លោក សៅ សារ៉ាត់ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានរាយការណ៏ការងារកាកបាទក្រហមកម្ពុជាខេត្ត ស្តីពីការអនុវត្តន៏ការងារមនុស្សធម៌កាកបាទក្រហមកម្ពុជារួចមក លោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ហើយបន្ទាប់មកលោកស្រី ក៏បានសម្ដែងនូវមនោសញ្ចេតនាគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមរបស់ អគ្គលេខាធិការអង្គការសហប្រជាតិ ដើម្បីលើកកម្ពស់សុខភាពស្ត្រី និងកុមារដែលបានបង្កើតឡើងនូវសកម្មភាពមនុស្សធម៌ ដ៏រស់រវើកផ្តល់ជំនួយសង្គ្រោះគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋដែលរងគ្រោះ ជាពិសេសអ្នកកើតនិងផ្ទុកមេរោគអេដស៏ស្ត្រីមានផ្ទៃពោះ ស្រី្តសម្រាលកូន ជនពិការ ចាស់ជរា កុមារ មិនបែងចែកឬរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿសាសនា ប្រកាន់វណ្ណៈ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ។
លោក អ៉ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៏ឲ្យដឹងថា៖ ថ្ងៃនេះជាថ្ងៃមិន្ទិញខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ហើយក៏ជាថ្ងៃដែល លោក លោកស្រី អ្នកឧកញ៉ា សប្បុរសជន ដែលអញ្ជើញជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកា ក្នុងពិធីដ៏មានតម្លៃ នាឳកាសនេះ។ ថវិកាដែលទទួលបាននាពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងយកទៅជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយ ដោយឧបទ្ទវហេតុផ្សេងៗ និងសម្រាប់បម្រើសកម្មភាពអប់រំ ការថែទាំសុខភាព ការលើកកម្ពស់នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូមនុស្សជាតិ ដើម្បរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ មានភាពល្អប្រសើរឡើង ។
សូមបញ្ជាក់ថា ថវិកាដែលទទួលបានក្នុងពិធី ដ៏មានអត្ថន័យនេះ មានចំនួន២៥៥,៩៦៨ដុល្លា អាមេរិក ផងដែរ ៕