(បាត់ដំបង)៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានស្វាគមន៍គណៈប្រតិភូថៃ ដឹកនាំដោយលោកឧត្តមនាវាត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងារ។
ក្នុងនាមមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ សេង ធារិន បានសំដែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះនាយសេនាធិការ និងគណ:ប្រតិភូទាំងអស់ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅទីបញ្ជាការយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួមនិងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីទាំងពីរដែលមានភូមិផងរបងជាមួយគ្នា។
លោកឧត្តមនាវីត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែន ច័ន្ទបុរី-ត្រាត បានថ្លៃងថា លោកពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្កៅពីលោកនាយសេនាធិការ និងគណៈប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងគណៈប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។
លោកឧត្តមនាវីត្រីបានបន្តថា ការធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទិសយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាពនិងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលយោធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបូរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នានេះហើយទើបធ្វើឱ្យបញ្ហានានាដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តទាំងពីរត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ។
លោកឧត្ដមនាវីត្រីបានបន្តទៀតថា នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់កងកម្លាំងការពារព្រំដែនច័ន្ទបុរី -ត្រាត ជាមួយយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្កិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅយើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែននៃប្រទេសយើងទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត៕