(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ មកពីភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានដង្ហោយរកយុត្តិធម៌ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់ផង ក្រោយពីដីស្រែដែលធ្លាប់កាន់កាប់ និងបង្កបង្កើនផលអស់រយៈពេល២៦ឆ្នាំ ត្រូវបានគេមករំលោភយក រហូតប្តឹងផ្តល់ឈ្នះក្តី នៅសាលាដំបូងខេត្ត និងតុលាការកំពូលទៀតផង។ ដោយសារតែទទួលរងនូវភាពអយុត្តិធម៌យ៉ាងដូច្នេះ ទើបប្រជាពលរដ្ឋទាំង៥គ្រួសារ ម្នាក់ជាមន្រ្តីយោធាការពារទឹកដីនៅខេត្តព្រះវិហារផងនោះ បានមកពឹងក្រុមសហជីព គោលបំណងជួយដាក់ពាក្យបណ្តឹង ទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយរកយុត្តិធម៌ចំពោះរឿងដីកេរមួយនេះ។
លោក សុខ សម្បត្តិ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ បានធ្វើសន្និសីទកាសែត ដោយបញ្ជាក់ថា «មានប្រជាពលរដ្ឋ៥គ្រួសារ តំណាងដោយឈ្មោះ ពេជ្រ ម៉ៃ ភេទប្រុស អាយុ៥០ឆ្នាំ, ឈ្មោះកែ សុំ ភេទប្រុស អាយុ៥៣ឆ្នាំ, ឈ្មោះ ពៅ នី ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ នៅ សែ ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះចាន់ សៀន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកំពង់ត្រឡាច បានមកពឹងខាងសហជីពឲ្យជួយដាក់ពាក្យប្តឹងតវ៉ាទាមទារយកដីកេរមរតក ដែលឪពុកម្តាយពួកគាត់ចែកឱ្យត្រឡប់មកវិញ»។ លោក សុខ សម្បត្តិ ដែលជាសមាជិកគណៈចលនាសហជីព នៃគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងទៀតថា បន្ទាប់ពីលោក និងក្រុមការងារ បានចុះទៅស្រាវជ្រាវឃើញថា ដីរបស់ពួកគាត់មានទំហំ១៤,៦៣៧ម៉ែត្រការេ ត្រូវបានតុលាការកំពូល កាត់ទៅឲ្យឈ្មោះ ជិន ចាន់សារ និងឈ្មោះ វ៉ាន់ ថាន ដោយអយុត្តិធម៌។ មន្រ្តីសហជីពរូបនេះ បានអះអាងថា «ខ្ញុំសុខចិត្តដើរចូលគុក ប្រសិនបើផ្សព្វផ្សាយព័ត៌មានមិនពិត ឬរំខានដល់កិច្ចការសាធារណៈដោយបំពាន»។
លោក សុខ សម្បត្តិ បានបន្តទៀតថា ដីស្រែចម្ការពួកគាត់ត្រូវបានរដ្ឋអំណាចវាស់ចែកដល់ពួកគាត់ក្នុងអំឡុងឆ្នាំ១៩៨១ ដើម្បីបង្កបង្កើនផលអស់រយៈពេល២៦ឆ្នាំ លើដីនោះ តែពួកគាត់មិនបានធ្វើប្លង់អ្វីឡើយ។ ស្រាប់តែនៅឆ្នាំ២០០៨ កន្លងទៅនេះ មានឈ្មោះ ជិន ចាន់សារ មកអះអាងថា ជាដីរបស់គាត់ទៅវិញ ដោយមានប័ណ្ណកម្មសិទ្ធិកាន់កាប់ទៀតផង។ ឈ្មោះ ជិន ចាន់សារ មានទីលំនៅភូមិ "ក" សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ពោលពុំមានប្រវត្តិរស់នៅ ភូមិអន្លង់ត្នោតនោះឡើយ ដោយនិយាយថា ដីនេះទិញពីឈ្មោះ វ៉ាន់ ថាន។ លោក សុខ សម្បត្តិ បានថ្លែងទៀតថា «បញ្ហាដីធ្លីខាងលើនេះត្រូវបានប្តឹងផ្តល់គ្នា ដល់សាលាដំបូងខេត្តកំពង់ឆ្នាំង ហើយត្រូវបានតុលាការជាន់ទាបមួយនេះ សម្រេចឲ្យបុគ្គលឈ្មោះ ជិន ចាន់សារឈ្នះ, ក្រោយមកសាលាឧទ្ធរណ៍បានសម្រេចឲ្យប្រជាពលរដ្ឋទាំង៥គ្រួសារឈ្នះវិញ ប៉ុន្តែចុងក្រោយត្រូវបានតុលាការកំពូលសម្រេចឲ្យឈ្មោះ ជិន ចាន់សារ ឈ្នះជាស្ថាពរ»។ ជុំវិញកណីនេះ លោកបានដាក់ពាក្យប្តឹងឡើងវិញទៅសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអភិបាលខេត្តកំពង់ឆ្នាំង, លោកប្រធានតុលាការខេត្តកំពង់ឆ្នាំង និងសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួមហាផ្ទៃ ដោយស្នើសុំឲ្យបង្កើតគណៈកម្មការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឡើងវិញ។ លោក ព្រាប លន អាយុ៦០ឆ្នាំ អតីតមេភូមិអន្លង់ត្នោត បានឲ្យដឹងថា នៅឆ្នាំ១៩៨១ លោកជាអ្នកវាស់វែងដី ឲ្យប្រជាពលរដ្ឋទាំង៥គ្រួសារខាងលើនេះពិតប្រាកដ។ លោកមិនបានវាស់ដីនេះទៅឲ្យឈ្មោះ ជិន ចាន់សារនិងឈ្មោះវ៉ាន់ ថានឡើយ។
លោកបញ្ជាក់ថា ឈ្មោះ ជិន ចាន់សារ និង វ៉ាន់ ថាន មិនមានឈ្មោះនៅភូមិនេះទេ។ ចំណែកលោក ពៅ នី អាយុ៤៦ឆ្នាំ ជាមន្ត្រីយោធាការពារព្រំដែននៅខេត្តព្រះវិហារ ដែលជាប្រជាពលរដ្ឋមួយគ្រួសារទទួលរងនូវភាពអយុត្តិធម៌នេះបាននិយាយថា ដីនេះត្រូវបានឪពុកម្តាយរបស់លោកចែកឲ្យ តែឥឡូវពួកគាត់បានស្លាប់ហើយ។ លោកថា ពេលគាត់ជាប់បេសកកម្ម ការពារនៅទល់ដែន ស្រាប់តែឈ្មោះ ជិន ចាន់សារ ថាជាដីរបស់គាត់ទៅវិញ ប៉ុន្តែសម្រាប់ករណីនេះលោកនឹងតស៊ូដល់ទីបញ្ចប់៕