(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (អ៊ីស៊ីហ្ការ៉ែត) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs)។
ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការធ្វើអាជីវកម្ម និងការប្រើប្រាស់របស់ទាំងនេះ អាចធ្វើជារបាំង និងជាច្រកចូល នៃការប្រើប្រាស់គ្រឿងញៀន ឬអាចជាកត្តាដែលនាំទៅប្រើប្រាស់គ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា ការធ្វើអាជីវកម្ម ឬការប្រើប្រាស់របស់ទាំងនេះ មិនបាននាំផលចំណេញដល់សង្គមជាតិអ្វីទេ ផ្ទុយទៅវិញ វាបំផ្លាញ លុយកាក់ និងសុខភាពយ៉ាងធ្ងរធ្ងរដល់ប្រជាពលរដ្ឋយើង ហើយឥរិយាបទនៃការប្រើប្រាស់ទៀតសោត ក៏ងាយបង្កឲ្យមានការឆ្លងរោគផ្សេងៗ ដោយរួមទាំងជំងឺកូវីដ-១៩ផងដែរ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិតនៅជាប់ និងធ្វើការ ជាមួយពួកគាត់រាល់ថ្ងៃឲ្យយកចិត្តទុកដាក់ និងធ្វើសកម្មភាពឲ្យកាន់តែសកម្ម និងឲ្យបានជាប់ជាប្រចាំថែមទៀត ដើម្បីលើកកម្ពស់ការចលនាឲ្យកាន់តែមានប្រសិទ្ធភាពធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មាតាបិតា អាព្យាបាលចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយអប់រំឲ្យមានការយល់ ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាចូលរួមក្នុងការលើកទឹកចិត្ត និងជំរុញ កូនចៅដែលជាអ្នកប្រើប្រាស់ ឬញៀនគ្រឿងញៀនឲ្យបញ្ឈប់ការប្រើប្រាស់ ឬឲ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា។
សូមជម្រាបថា ពាក់ព័ន្ធការប្រើប្រាស់បារីអេឡិចត្រូនិច ឬ Vape នេះក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច៩៩% មានផ្ទុកជាតិនីកូទីន។
ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។
ការស្រូបចំហាយបារីអេឡិចត្រូនិច ដោយប្រយោលពីគេក៏ទទួលនូវគ្រោះថ្នាក់ផងដែរ ដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិចមានផ្ទុកនូវជាតិនីកូទីន និងសារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឲ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់របស់ទារក ព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ។
ភស្តុតាងកាន់តែច្រើនឡើងដែលបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្ករឲ្យមានរបួសសួតដោយ ចំហាយទឹកដែលបំភាយចេញពី បារីអេឡិចត្រូនិច មានជាតិនីកូទី និង ភាគល្អិតតូច នៃ អ៊ុលត្រាហ្វាញ (Ultrafine Particle) ដែលវាមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ។ សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិច អាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាង្គកាយមនុស្សធ្ងន់ធ្ងរ។
ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែង ការប្រើប្រាស់បារីអេឡិចត្រូនិចនៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីអេឡិចត្រូនិចនេះក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ២០១៤ ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដោយ បានចេញសេចក្តីណែនាំស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការបើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-cigarette) នៅក្នុងប្រទេសកម្ពុជា៕